(បាត់ដំបង)៖ មនុស្សក្មេងចាស់ចំនួន២៥នាក់ បានរងរបួសធ្ងន់​ស្រាល ក្រោយពីគោយន្តកន្រ្តៃមួយគ្រឿង ដែលពួកគេជិះបាន​ក្រឡាប់ធ្លាក់​ចូលទៅ​ប្រឡាយទឹក នៅតាមដង​ផ្លូវនៅរសៀល​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះស្ថិតនៅភូមិ-ឃុំ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះទាំងនេះបានធ្វើដំណើរមកពីចូលរួមបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តគីរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្តិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដែលក្នុងចំណោមជនរងគ្រោះទាំង២៥នាក់ រងរបួសធ្ងន់៣នាក់។ ជនរងគ្រោះទាំងអស់រស់នៅ ភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានសម្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកយកទៅ​មណ្ឌល​សុខភាពពេជ្រចិន្តា បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែក​ ស្រុកសំពៅលូន។ បើតាមសមត្ថកិច្ច មូលហេតុដែលមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកគោយន្តកន្ត្រៃ អាចនឹងដោះចង្កឹះ​លេខអស់ ពេលគោយន្ត ចុះចំណោទទៅមុខមានល្បឿនលឿន ក៏កាច់មកកៀនធ្លាក់ប្រឡាយបង្ហូរទឹកតែម្តង៕