(ភ្នំពេញ)៖ ក្នុងក្របខណ្ឌនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងបរិស្ថានបានចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថានដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ នេះតទៅដោយនៅថ្ងៃទី១ នៃយុទ្ធនាការនេះ មន្ត្រីរាជការនិងមន្ត្រីស្ម័គ្រនៃក្រសួងបរិស្ថានចំនួន ២០០នាក់បានទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១ ក្នុងចំណោមមន្ត្រីរាជការបម្រើការនៅទីស្តីការក្រសួងបរិស្ថានចំនួន ៧០០នាក់ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងការខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងជូនពលរដ្ឋនេះមានន័យថា កម្ពុជានឹងវិលទៅរកប្រក្រតីភាព និងអាចគ្រប់គ្រង បាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថាន និងសមាជិក សមាជិកា បានថ្លែងថា មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាសរុបជាង២០០០នាក់ នៃក្រសួងបរិស្ថានក្នុងនោះនៅទីស្តីការក្រសួងមានចំនួន ៧០០នាក់ និងនៅមន្ទីរបរិស្ថានខេត្តរាជ ធានីសរុប ១៣៩១ រូបបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។

សម្រាប់នៅទីស្តីការក្រសួងបរិស្ថាន យុទ្ធនាការចាក់វ៉ាក់សាំងនឹងធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ ចំណែកមន្ត្រីនៃមន្ទីរបរិស្ថានខេត្តរាជធានីក៏បានទទួលការចាក់វ៉ាក់សាំងពីថ្ងៃទី១នេះផងដែរ សម្រាប់ខេត្តមួយចំនួន និងនៅថ្ងៃបន្តបន្ទាប់តាមការរៀបចំបែងចែកពេលវេលារបស់រដ្ឋបាលខេត្តរាជធានីនីមួយៗ។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់មុនគេ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្របខណ្ឌក្រសួងបរិស្ថាន បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់មន្ត្រីរាជការ និងមន្ត្រីស្ម័គ្រចិត្តទាំងអស់នៃក្រសួងបរិស្ថាន។ ឯកឧត្តមបានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ (Sinovac) ជាឧបករណ៍ថ្មីមួយ បន្ថែមលើវិធានការសុខាភិបាល ដែលមានស្រាប់សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ជាពិសេសជួយបុគ្គលមិនឱ្យធ្លាក់ខ្លួនឈឺ ធ្ងន់ធ្ងរ នៅពេលឆ្លង និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

មន្ត្រីរាជការនៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រី និងប្រជាពលរដ្ឋ៕