(កណ្ដាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានចុះពិនិត្យមើលដំណើរការ នៃការចាក់វ៉ាក់សាំង Sinovac របស់ចិនដល់ពលរដ្ឋស្រុកពញាឮ និងស្រុកមុខកំពូល នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ ពោរពេញដោយក្ដីសង្ឃឹម និងញញឹមរីករាយ។

ស្ថិតនៅក្នុងពិធីចាក់វ៉ាក់សាំងនេះដែរ លោកអភិបាលរងខេត្តកណ្ដាល បានរម្លឹកដល់ពលរដ្ឋពីគុណតម្លៃដ៌ធំធេង ពិសេសបេះដូងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់មកដល់បងប្អូនប្រជាពលរដ្ឋ ខ្លាចមានជំងឺឆ្លងមកដល់បងប្អូន ទើបសម្ដេចបញ្ជាឱ្យរូតរះបំផុត រៀបចំចាក់វ៉ាក់សាំងការពារនេះដល់ពលរដ្ឋយើងដោយគ្មានរើសអើងអ្វីឡើយ។

លោកអភិបាលរងខេត្ត បានណែនាំដល់គ្រូពេទ្យឱ្យយកចិត្តទុក្ខដាក់ខ្ពស់ លើការងារនេះជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួកគាត់ និងត្រូវអនុវត្តតាមការណែនាំ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល។

លោកអភិបាលរងខេត្ត បានអំពាវនាវដល់ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងហើយក្ដី បន្តដោយរក្សាគម្លាត និងលាងដៃ ជាមួយអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ យកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម៕