(ភ្នំពេញ)៖ លោក សំ សឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងភរិយា ឈ្មោះ ផល វណ្ណា បានសម្រេចការបញ្ចុះថ្លៃឈ្នួលបន្ទប់ ៥០ភាគរយ ពេញមួយខែមេសា សម្រាប់កម្មករ និងនិយោជិត ដែលកំពុងជួលបន្ទប់របស់ខ្លួន។

ក្រៅតែពីការបញ្ចុះថ្លៃឈ្នួលបន្ទប់រយៈពេលមួយខែហើយនោះ លោក សំ សឿន ក៏បានបញ្ចុះថ្លៃភ្លើងមកនៅ ៦០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងរយៈពេល ៩ខែ និងមិនយកថ្លៃទឹក រហូតដល់ដាច់ឆ្នាំ២០២១ផងដែរ។ លោក សំ សឿន បានបញ្ជាក់ថា លោកមានបន្ទប់ចំនួន ១៦០បន្ទប់ ជួលឱ្យកម្មករ និយោជិត។

លោក សំ សឿន បានបញ្ជាក់ថា សម្រេចមិនយកថ្លៃឈ្នួលបន្ទប់មួយខែ ព្រមទាំងបញ្ចុះថ្លៃភ្លើង និងមិនយកថ្លៃទឹកពេញមួយឆ្នាំ២០២១នេះ ដើម្បីចូលរួមរំលែកការលំបាករបស់កម្មករ និយោជិត ដែលកំពុងរងគ្រោះព្រោះវិបត្តិជំងឺកូវីដ១៩។ ជាពិសេសគោរពតាមអនុសាសន៍ និងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់លើការលំបាករបស់កម្មករ និយោជិត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់ជួលនៅទូទាំងប្រទេស ជួយបញ្ចុះថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួល ដើម្បីជួយសម្រាលការលំបាករបស់កម្មករ និងនិយោជិត។

តាមរយៈការអំពាវនាវនេះ មានម្ចាស់ផ្ទះ និងបន្ទប់ជួលជាច្រើនមកហើយ បានប្រកាសមិនយកថ្លៃ ឬបញ្ចុះថ្លៃជួលផ្ទះ និងបន្ទប់របស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកាយវិការទាំងនេះ ជាគំរូមួយក្នុងសង្គម និងជាវប្បធម៌ចែករំលែកការលំបាកក្នុងសង្គមផងដែរ៕