(ភ្នំពេញ)៖ យុវជនម្នាក់ជាជនញៀនថ្នាំ បានទាញកាំបិតប៉័ងតោដេញកាប់ម្ដាយរបស់ខ្លួន ទាំងព្រឹកព្រលឹម តែសំណាងល្អ អ្នកម្ដាយពុំមានរបួសនោទេ។ ហេតុការណ៍នេះ បានបង្កឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ច្រាំងចំរេះទី១ មកអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកធ្វើការសាកសួរ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៦ ដែលមានទីតាំងនៅចំណុចផ្ទះលេខ១០២៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

នាយប៉ុស្តិ៍ច្រាំងចំរេះទី១ លោក រឿន វន បានបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវជាម្ដាយឈ្មោះ ឡឹប ស៊ីហ្វាស់ អាយុ៥៩ឆ្នាំ មានមុខរបរលក់ដូរ ចំណែកយុវជនបង្កឈ្មោះ ស្រេន អារីហ្វីន ហៅហ្វីន អាយុ២៣ឆ្នាំ ជនជាតិឥស្លាម ស្នាក់នៅជាមួយម្ដាយនៅចំណុចកើតហេតុខាងលើ។ នាយប៉ុស្ដិ៍ច្រាំងចំរេះទី១បានបន្តថា តាមការរៀបរាប់ឲ្យដឹងពីម្ដាយ មុនកើតហេតុនៅរសៀលថ្ងៃម្សិលមិញ កូនប្រុសរបស់គាត់បាន​ចេញ​ពីផ្ទះទៅជួបជុំជាមួយបក្ខពួករបស់ខ្លួន ដើម្បីប្រើប្រាស់គ្រឿងញៀន។ លុះព្រឹកឡើងថ្ងៃទី២កូនរបស់គាត់បានត្រឡប់មកផ្ទះវិញ ទំនងជាអត់លុយហើយក៏​សុំលុយពីម្តាយតែដោយសារ​ម្តាយមិនមាន​លុយឲ្យ ក៏កើតជាកំហិង្សាករឿងម្តាយ ហើយថែមទាំងទាញកាំបិតដេញកាប់បងប្រុសរបស់ខ្លួន និង ម្ដាយបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។

ភ្លាមៗនោះជនបង្ក ត្រូវបានអ្នករស់នៅក្បែរខាង មកអន្តរាគមន៍មកជួយឃាត់ ជាពិសេសកម្លាំងនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ច្រាំងចំរេះទី១ បានមកអន្តរាគមន៍ទាន់ពេលវេលា ដោយនាំខ្លួនជនសង្ស័យ​ភ្លាមៗ ដើម្បីធ្វើការសាកសួរផងដែរ។ សូមបញ្ជាក់ថា ក្រោយការសាកសួរពីសមត្ថកិច្ចប៉ុស្ដិ៍ ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕