(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា អភិបាលរង ខេត្តពោធិ៍សាត់ បានថ្លែងថា ទឹក ក៏ដូចជាដីគឺតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មិនអាចខ្វះបាន ដូច្នេះហើយទាមទារ ឲ្យបងប្អូនប្រជាពលរដ្ឋ នៃឃុំស្រែស្តុកទាំងមូល ចូលរួមសហការគ្នាស្តារបឹងទន្លេអុំឡើងវិញ។

ជាក់ស្តែង ប៉ុន្មានឆ្នាំចុងក្រោយនេះនៅប្រទេសមួយចំនួន រួមមាន ប្រទេសកម្ពុជាផងដែរ ក៏បានជួបគ្រោះរាំងស្ងួតជាពិសេសក្នុង ឆ្នាំ២០១៦នេះតែម្តង ដែលអូសបន្លាយរយៈពេលយូរ។ លោកបានលើកឡើង នៅក្នុងពិធីបុណ្យឆ្លងកាត់ខ្សែបូបង្គោលព្រំប្រទល់ និងស្តារបឹងទន្លេអុំឡើងវិញនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៦ នៅបរិវេណបឹងទន្លេអុំ ក្នុងភូមិបាគូ ឃុំស្រែស្តុក ស្រុកណ្តៀង ខេត្តពោធិ៍សាត់។  

លោក ផា គឹមសឿន មេឃុំស្រែស្តុកបានឲ្យដឹងថា ពិធីបុណ្យឆ្លងកាត់ខ្សែបូបង្គោលព្រំប្រទល់ និងស្តារបឹងទន្លេអុំ ឡើងវិញនេះ គឺមានកិច្ចសហការរវាងអាជ្ញាធរភូមិ ឃុំ ស្រុក និងសហគមន៍ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងមានការគាំទ្រ ពីអង្គការ (ANKO) ជាថវិកា និងសម្ភារមួយចំនួន។ ជាលទ្ធផលយើង បានចុះកំណត់ព្រំផ្ទៃបឹង ដែលមានទំហំ៨,២៤ហិកតា ធ្វើការបោះបង្គោលមេចំនួន៤ និងបង្គោលរងចំនួន៦ យកអាចម៌ដី ចេញពីផ្ទៃបឹងមកបិទទំនប់ចំនួន៨៥០ម៉ែត្រគូប និងប្រជាពលរដ្ឋសុំជីកអាចម៌ដីបឹង២៥០រថយន្ត។

លោកបានឲ្យដឹងទៀតថា តំបន់ការពារបេតិកភណ្ឌវប្បធម៌ជាតិបឹងទន្លេអុំ និងប្រសាទព្រះធាតុ គឺជាកេរ្តិ៍មរតករបស់ឃុំស្រែស្តុកយើង ដែលបង្ហាញពីការសហការ និងចំណងសាមគ្គីរវាងបុរស និងនារី ដែលបន្សល់ទុកជាភស្តុតាងនេះឡើង ដូចរឿង ដំណាលនិទាន ភ្នំប្រុស ភ្នំស្រីជាដើម ។

លោក ម៉ក់ រ៉ា បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អង្គការ (ANKO) ដែលបានលើក ផែនការអនុវត្តគម្រោងនេះឡើង ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ឃុំស្រែស្រុក ពិសេសបំពេញ តម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងអភិរក្សបាននូវសម្បត្តិបេតិកភណ្ឌជាប្រវត្តិសាស្ត្រ ដែលមានតាំងពីយូរណាស់ មកហើយ ។

លោកថា ការស្តារបឹងទន្លេអុំឡើងវិញនេះ ជាជម្រើសមួយដ៏ល្អបំផុត សម្រាប់ជាឧត្តមប្រយោជន៍ ដល់ប្រជាពលរដ្ឋនៃឃុំស្រែស្តុក ទាំងមូល ដើម្បីឈានទៅរកការកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ជារដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។ ក្រោយពីពិធីបុណ្យឆ្លងកាត់ខ្សែបូបង្គោលព្រំប្រទល់ ក៏មានពិធីរាប់បាត ប្រគេនព្រះសង្ឃចំនួន ៦០អង្គ ដែលនិមន្តមកពីវត្តចំនួន ៤ ក្នុងស្រុកកណ្តៀង មានវត្តក្តីឧត្តម វត្តបន្ទាយត្រោក វត្តព្រះធាតុ និង វត្តសែនជ័យផងដែរ៕