(ពោធិ៍សាត់)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជទ្រព្យចំនួន ២ពាន់ដុល្លារអាមេរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រគេនព្រះចៅអធិការ គណៈកម្មការអាចារ្យវត្តបុរីឧត្តម ហៅវត្តក្សេត្របូរី ដែលមានទីតាំងស្ថិតនៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្រាប់ចូលរួមកសាងឧបដ្ឋានសាលា ក្នុងទីអារាមនេះ។

ក្នុងឱកាសថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នោះ លោក គុយ សុផល បានទូលប្រគេនព្រះសង្ឃ ជម្រាបជូនគណៈកម្មការ អាចារ្យវត្ត អំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខពីអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងព្រះរាជទានដល់គណៈកម្មការអាចារ្យ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបុរីឧត្តម ដោយព្រះរាជហឫទ័យនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។

បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភរបស់សម្តេចព្រះមហាក្សត្រីរួចមក ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត មានទឹកព្រះទ័យ និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត និងបានថ្វាយព្រះពរមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្ររបស់ព្រះអង្គទូទាំងកម្ពុជាតរៀងទៅ។

នាថ្ងៃដដែលនោះ លោក គុយ សុផល ព្រមទាំងព្រះចៅអធិការវត្តក្សេត្របូរី បាននិមន្ត និងពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងកសាងផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ២៥០០ម៉ែត្រ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ប្រគេនព្រះសង្ឃ និងជូនពុទ្ធបរិស័ទចំណុះជើងវត្តក្សេត្របូរី។

ផ្លូវលំព្រះរាជអំណោយមួយខ្សែនេះ ត្រូវបានក្រុមសម្តេចឪ ចាប់ផ្តើមកសាងពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃ២៩ ខែមីនា ឆ្នាំ២០២១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ។ សព្វថ្ងៃនេះ ក្រុមសម្តេចឪបានខិតខំបន្ថែមទៀតលើការងារដាក់លូកាត់ផ្លូវចំនួន ២កន្លែង និងក្រាលគ្រួសក្រហមសម្តៅធ្វើឲ្យផ្លូវលំខាងលើនេះ៕