(ភ្នំពេញ)៖ អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាយុវតីខ្មែរ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

អ្នកជំងឺដែលទទួលមរណភាពថ្មីនេះភេទស្រី អាយុ២៨ឆ្នាំ រស់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមក្រសួងសុខាភិបាល, យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ដែលរស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤៖៤០នាទីរសៀល។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយស្ត្រីខាងលើក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ដោយសារគាត់មានជំងឺប្រចាំកាយដូចជា៖ ជំងឺទឹកនោមផ្អែមប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ ម៉ាស៉ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤៖៤០នាទីរសៀល។

«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ»។ នេះបើតាមសេចក្តីប្រកាស ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖