(ភ្នំពេញ)៖ ក្រសួងការពារជាតិ នឹងអនុវត្តន៍បទបញ្ជាយោធាតឹងរឹង ចាប់ពីខែមីនា ឆ្នាំ២០១៦នេះតទៅ ដោយនឹងដាក់វិន័យធ្ងន់ធ្ងរតាម វិន័យយោធា ទៅលើថ្នាក់ដឹកនាំអង្គភាពទាំងឡាយណា ដែលចេញលិខិតអនុញ្ញាតឲ្យមន្រ្តីយោធាក្នុងអង្គភាពរបស់ខ្លួនយកកាំភ្លើង ទៅប្រើប្រាស់ផ្ទុយពីភារកិច្ច និង ធ្វើសកម្មភាពល្មើសច្បាប់ណាមួយ។

ការដាក់ចេញវិធានការគ្រប់គ្រងការអនុញ្ញាតឲ្យ មន្រ្តីយោធាប្រើប្រាស់អាវុធនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រសួងការ  ពារជាតិ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ដែលមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៅតាមបណ្តាអង្គភាព ចំណុះឲ្យក្រសួងការពារជាតិជាច្រើនរូប។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់ Fresh News ថា កិច្ចប្រជុំ បានពិភាក្សាផ្តោតសំខាន់ ទៅលើការគ្រប់គ្រងអាវុធ និងការចេញលិខិតបេសកកម្ម មានអាវុធឲ្យមន្រ្តីយោធាប្រើប្រាស់អាវុធមិនច្បាស់លាស់ជាហេតុនាំឲ្យ មន្រ្តីយោធាយកអាវុធទៅប្រើប្រាស់ផ្ទុយពីភារកិច្ច និង ធ្វើសកម្មភាពល្មើសច្បាប់មួយចំនួន។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបន្ថែមថា ឆ្លងតាមស្មារតី នៃកិច្ចប្រជុំ ក្រសួងការពារជាតិ បានសម្រេចអនុវត្តន៍វិន័យយោធាតឹង រឹងចាប់ពីខែមីនា ឆ្នាំ២០១៦នេះតទៅ ដោយដាក់កំហិតថា រាល់សកម្មភាពប្រើប្រាស់អាវុធខុសប្រក្រតីរបស់មន្រ្តីយោធាការដាក់វិន័យ មិនត្រឹមតែធ្វើលើមន្រ្តីយោធា ដែលបានប្រព្រឹត្តនោះទេ សូម្បីតែអង្គភាពជាអ្នកចេញលិខិតអនុញ្ញាតឲ្យមន្រ្តីយោធាប្រើប្រាស់អាវុធ ឬ  លិខិតធ្វើបេសកកម្ម ក៏ត្រូវទទួលខុសត្រូវផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ក្រសួងការពារជាតិ មិនដែលគាំទ្រឲ្យមន្រ្តីយោធាណាម្នាក់ ប្រើប្រាស់ អាវុធផ្ទុយពីភារកិច្ច និងប្រព្រឹត្តអំពើផ្ទុយពីច្បាប់ឡើយ។ ដូច្នេះយើងនឹងដាក់វិន័យតឹងរឹងទៅលើមន្រ្តីយោធា ដែលប្រើប្រាស់អាវុធក្នុង សកម្មភាពមិនប្រក្រតី ហើយអង្គភាព ដែលចេញលិខិតបេសកកម្មមានអាវុធ ជូនមន្រ្តីយោធាធ្វើសកម្មភាព ផ្ទុយពីភារកិច្ចនោះ ក៏ត្រូវទទួលវិន័យដូចគ្នា។ យើងនឹងអនុវត្តតឹងរឹងចាប់ពីខែមីនា នេះតទៅ»។

បើតាមលោក ឈុំ សុជាតិ ការដាក់ចេញវិធានការនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា មានមន្រ្តីយោធាមួយចំនួនដែលអង្គភាព ចេញលិខិត បេសកកម្មមានអាវុធ ឲ្យទៅអនុវត្តការងារនោះ យកទៅប្រើប្រាស់ផ្ទុយពីច្បាប់ នាំឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់យោធា។

ជាការកត់សម្គាល់ការចេញវិធានការរឹតបន្តឹង ការចេញលិខិតអនុញ្ញាតប្រើប្រាស់អាវុធនេះ បានធ្វើឡើងបន្ទាប់ពីមានមន្រ្តីយោធាមួយ ចំនួនបានយកកាំភ្លើងទៅបាញ់បោះគំរាមជនស៊ីវិល ព្រោះមានទំនាស់ពាក្យសម្តីបន្តិចបន្តួច ខ្លះទៀតប្រើកាំភ្លើងបាញ់បោះក្រោយផឹក ស៊ីស្រវឹង។ ជាពិសេសកាលពីខែមករា កន្លងទៅចោរប្លន់ម្នាក់នៅខេត្តកណ្តាល ត្រូវបានគេរកឃើញថា មានតួនាទីជាមន្រ្តីយោធា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ និង លើកទិសដៅថ្មីរបស់ក្រសួងមហាផ្ទៃ  កាលពីសប្តាហ៍កន្លងទៅ បានព្រមានឲ្យគ្រប់ស្ថាប័នប្រដាប់អាវុធត្រូវគ្រប់គ្រងអាវុធឲ្យបានច្បាប់លាស់ បន្ទាប់ពីសម្តេចសង្កេតឃើញ មានសកម្មភាពប្លន់ប្រដាប់អាវុធបានកក្រើកឡើងវិញ ក្នុងមួយរយៈពេលចុងក្រោយនេះ៕