(ភ្នំពេញ)៖ ព្រះបរិត្តសោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌឫស្សីកែវ បានជួយឧបត្ថម្ភសម្ភារកៅអី និងទេយ្យវត្ថុ មានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ការិយាល័យជំនាញទាំង១៣ កងកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឫស្សីកែវ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការលើកទឹកចិត្តដែលបានខិតខំប្រឹងបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គមបានយ៉ាងល្អប្រសើរ។

សកម្មភាពសមធម៌នេះ ក្រោមការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដែលបានរៀបចំធ្វើឡើងនៅពីរកន្លែងផ្សេងគ្នា គឺស្ថិតនៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) សង្កាត់គីឡូម៉ែត្រលេខ៦ និងនៅសាលាខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២១។

ក្រៅពីការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត លោក ជា ពិសី សូមប្រគេនពរព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ ឲ្យទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ព្រមទាំងពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

ជាមួយគ្នានេះ ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌឫស្សីកែវ បានមានសង្ឃដីកាថា សម្រាប់សម្ភារកៅអី ទេយ្យវត្ថុមានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលនាំយកមកប្រគេន ដល់ការិយាល័យជំនាញទាំង១៣ កងកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឫស្សីកែវ នាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការចូលរួមបរិច្ចាគនូវ វប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕