(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់ការពារជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំង នៅជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការតាមក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១តទៅ។

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងរៀបចំឡើងនៅ ៩ទីតាំង លើ៩ ក្រុង/ស្រុក និងមានក្រុមគ្រូពេទ្យ ១៣ក្រុម ដែលមានដូចជា៖ នៅក្រុងសិរីសោភ័ណ ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យបង្អែកក្រុង និងសាលាវិទ្យាល័យសិរីសោភ័ណ, ក្រុងប៉ោយប៉ែត ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យបង្អែកក្រុង ,ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត, ស្រុកព្រះនេត្រព្រះ ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ, ស្រុកមង្គលបូរី ២ក្រុម ២ទីតាំង នៅមន្ទីរពេទ្យខេត្ត ,ការិយាល័យស្រុកប្រតិបត្តិស្រុកមង្គលបូរី និងបណ្តា៥ស្រុកផ្សេងៗ ១ក្រុម ១ទីតាំង នៅតាមមន្ទីរពេទ្យបង្អែកស្រុក។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ នឹងចាក់ជូនមន្ត្រីរាជការដែលនៅសេសសល់ អាជ្ញាធរដែនដីមូលដ្ឋាន ប្រជាពលរដ្ឋប្រឈម ដូចជាអាជីវករ អ្នករត់តាក់ស៊ី ម៉ូតូឌុប និងប្រជាពលរដ្ឋទូទៅផងដែរ៕