(ស្ទឹងត្រែង)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន របស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជិត ៣គីឡូក្រាម នៅចំណុចបង្គោលទី២ ច្រករបៀង (ផ្លូវទឹកកម្ពុជា-ឡាវ) ស្ថិតភូមិ/ឃុំ ស្រុកអូរស្វាយ ខេត្តស្ទឹងត្រែង វេលាម៉ោង១០៖៣០នាទីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយយ៍ទោ ចែម ផានិត ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនឆ្លងដែនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ របស់លោកវរសេនីយ៍ឯក ផៃ រស្មី ស្នងការរងនគរបាលខេត្តស្ទឹងត្រែង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

លោកវរសេនីយ៍ឯក ផៃ រស្មី បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើនេះបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលមានឈ្មោៈ ផេត សាម៉ន ណយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ រស់នៅភូមិហាតសាយឃុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន ៣កញ្ចប់ធំ មានទម្ងន់ ២៩៩០.២ក្រាម។

លោកវរសេនីយ៍ឯក បានបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសុំណុំរឿង បញ្ជូនមកតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕