(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមើលឃើញថា គណបក្សសង្រ្គោះជាតិ អាចនឹងមានជោគវាសនា ដូចគណបក្សហ៊្វុនស៊ិនប៉ិច បើមេដឹកនាំដើរតាមគន្លង​របស់សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយនៅតែពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយស្រ្តីភេទនោះ។

ការលើកឡើងរបស់ លោក ញឹក ប៊ុនឆៃ បានធ្វើឡើងស្របពេលដែលបណ្តាញសង្គម Facebook និងសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវ រឿងអាស្រូវស្នេហារបស់អ្នក​ដឹកនាំ​នយោបាយ។ Facebook បានទម្លាយខ្សែអាត់សម្លេងស្នេហា ដ៏ព្រឺព្រួចរបស់គូស្នេហ៍លួចលាក់មួយគូ ដែលគេជឿថាជាសម្លេងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ សាសង​ជាមួយ នារីវ័យក្មេង ដែលមានឈ្មោះហៅក្រៅថា «ស្រីមុំ»។ ហេតុដែលគេជឿបែបនេះ ក៏ដោយសារតែនៅលើទំព័រ Facebook ឈ្មោះ «Mon Srey» បានសរសេរបង្ហោះទម្លាយជាសាធារណៈ អំពីរឿងអាស្រូវស្នេហារបស់នាងជាមួយនឹង លោក កឹម សុខា។

ក្នុងនាមអ្នកនយោបាយជើងចាស់ លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបបំបែកខ្លួនទៅបង្កើតគណបក្ស ខ្មែររួបរួមជាតិ បានវិភាគថា លោក កឹម សុខា ពេលនេះកំពុងដើរតាមគន្លងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជុំវិញរឿងអាស្រូវជាមួយស្រីៗនេះ ហើយថាបើសិនជាករណីនេះ ពិតមែននោះជោគវាសនាគណបក្សសង្រ្គោះជាតិ មិនខុសពីគណបក្ស ហ៊្វុនស៊ិនប៉ិចទេ។

លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា «បើតាមខ្ញុំមើល គាត់ដើរតាមគន្លងសម្តេចក្រុមព្រះហ្នឹងហើយ បញ្ហានេះជាបញ្ហា សំខាន់មួយដែរ សូម្បីខ្ញុំក៏ប្រយ័ត្នប្រយែងនឹងបញ្ហាហ្នឹងដែរ ព្រោះយើងធ្វើនយោបាយបើយើងធ្វេសប្រហេសលើចំណុចអញ្ចឹង ហើយអ្នកប្រឆាំងនឹងយើងគេអាចយកចំណុចហ្នឹងមកវាយប្រហារ ដូច្នេះខ្លួនខ្ញុំផ្ទាល់ក៏ប្រយ័ត្នប្រយ័ងរឿងហ្នឹងដែរ»។
លោកបានបន្ថែមថា «បើដើរតាមគន្លង(សម្តេចក្រុមព្រះ) វាអាចមានបញ្ហាហើយ ព្រោះកាលណាបើមានបញ្ហារឿងអាស្រូវអញ្ចឹង ធ្វើឱ្យថ្នាក់ដឹកនាំ និងសកម្មជនគេបាត់បង់ជំនឿ មួយផ្នែកធំគឺបាត់បង់ជំនឿ»

សូមជំរាបថា គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ឈ្នះនៅក្នុងការបោះឆ្នោតដែលរៀបចំដោយ អង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣។ ប៉ុន្តែគណបក្សនេះបានបាត់បង់អសនៈជាបន្តបន្ទាប់ រហូតដល់អស់​សូន្យកៅអី នៅក្នុងរដ្ឋសភា នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣។ លោក ញឹក ប៊ុនឆៃ បាននិយាយថា ការធ្លាក់ចុះខ្សោយ របស់គណបក្សក៏​ដោយសារតែធាតុផ្សំ មកពីមេដឹកនាំដែលពាក់ព័ន្ធនឹងរឿងអាស្រូវស្រីៗនេះដែរ។ លោកថា «ធម្មតាទេ កាលណាមានប្រពន្ធច្រើន វាប៉ះពាល់កិត្តិយសហើយ ហើយបើធ្លាក់ទៅលើអ្នកដឹកនាំទៀត វាអាចប៉ះពាល់ទាំងកិត្តិយស ទាំងការមិនជឿទុកចិត្តថែមទៀត»

យ៉ាងហោចណាស់ មានមេដឹកនាំគណបក្សចំនួន២ផ្សេងទៀត កំពុងរិះគន់មេដឹកនាំគណបក្សនយោបាយ ដែលមានការលេងសើចនឹងស្រ្តីក្មេងៗ។ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និង ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានចាត់ទុកថា អ្នកនយោបាយដែលល្មោភស្រី មិនមែនជាគំរូល្អសម្រាប់ប្រជាពលរដ្ឋនោះទេ ហើយថាបើករណីបែកធ្លាយសម្លេងសាសងរវាង លោក កឹម សុខា និងស្រ្តីវ័យក្មេង រឿងទៅរួមមេត្រីនឹងគ្នា នៅក្រៅប្រទេសនោះជារឿងពិត ពលរដ្ឋមិនគួរការពារលោក កឹម សុខាទេ ៕