(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរមូលដ្ឋានត្រូវរឹតបន្ដឹង ការចេញចូលភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់ ខណៈបច្ចុប្បន្នភូមិមួយនេះ ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។

ការដាក់បទបញ្ជារបស់លោក អ៊ុន ចាន់ដា ធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលបានប្រកាសបិទជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ និងដាក់វិធានការដើម្បីឲ្យអាជ្ញាធរមូលដ្ឋានអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។

បន្ទាប់ពីបានស្ដាប់មតិយោបល់របស់ថ្នាក់ដឹកនាំមូលដ្ឋាន លោក អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដោយដោយឲ្យអភិបាលស្រុកស្ទឹងត្រង់ កសាងនូវផែនការការពារ សម្រាប់ភូមិអូររុន ដែលត្រូវរំលេចឲ្យបានច្បាស់ អំពីភូមិសាស្រ្តភូមិមួយនេះ មានជាប់ព្រំប្រទល់ជាមួយភូមិណាខ្លះ នឹងឈានដល់ការប្រើប្រាស់កងកម្លាំង ដើម្បីគ្រប់គ្រងទីតាំងឈរជើង។

ជាមួយគ្នានេះត្រូវបញ្ចូលទាំងផែនការផ្សព្វផ្សាយ ពោលគឺត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជាប្រចាំ តាមខ្នងផ្ទះនីមួយៗតែម្ដង និងចាត់តាំងក្រុមយុវជន ឲ្យចែកម៉ាស និងសាប៊ូលាងដៃ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ ដើម្បីរំលឹកដល់ស្មារតីប្រជាពលរដ្ឋ ឲ្យពួកគាត់ចេះការពារកុំឲ្យមានជំងឺកូវីដ១៩ ឆ្លងចូលទៅក្នុងគ្រួសាររបស់ពួកគាត់។

ជាមួយគ្នានេះដែរ ចំពោះអ្នកធ្វើដំណើរចេញក្រៅភូមិ ត្រូវកំណត់អាទិភាពឲ្យបានច្បាស់លាស់ ដោយពិនិត្យមើលអ្នកដែលមានហានិភ័យខ្ពស់ មិនអនុញ្ញាតឲ្យចេញពីភូមិទេ។ ចំពោះអ្នកមានហានិភ័យទាប ឬគ្មានហានិភ័យ បើត្រូវអនុញ្ញាតឲ្យពួកគាត់ចេញក្រៅភូមិ ត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ដោយទទួលបានការអនុញ្ញាតត្រឹមត្រូវ ពីប្រធានភូមិ ឬក៏លោកមេឃុំ មិនអនុញ្ញាតឲ្យពួកគាត់ចេញចូលដោយសេរីនោះទេ។

ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័កអស់ពីផ្ទះ គ្មានមនុស្សថែរក្សាទ្រព្យសម្បត្តិ សត្វពាហនៈរបស់គាត់ អាជ្ញាធរភូមិឃុំត្រូវរាយការណ៍បន្ទាន់ មកអភិបាលស្រុក ដើម្បីរកវិធានការដាក់មនុស្សនៅជួយថែរក្សា ធានាធ្វើយ៉ាងណាកុំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគាត់។

ក្នុងនោះដែរអាជ្ញាធរឃុំ ត្រូវកំណត់អត្តសញ្ញាណចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយសារការខ្វះខាតចំណីអាហារ ក្នុងពេលធ្វើចត្តាឡីស័ក ឬក្នុងពេលបិទភូមិនេះ ត្រូវតែជួយដោះស្រាយចំណីអាហារជូនពួកគាត់ ជៀសវាងការហូបមិនគ្រប់គ្រាន់ ធ្វើឲ្យពួកគាត់មានជំងឺផ្សេងៗ។ ចំណែកប្រជាពលរដ្ឋក្រៅភូមិ ដែលចង់ប្រារព្ធពិធីសាសនា ឬសែនផ្នូរនាពេលខាងមុខនេះ មិនត្រូវអនុញ្ញាតឲ្យចូលមកពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋក្នុងភូមិ ដែលបានបិទនេះទេ៕