(កណ្ដាល)៖ ប្រជាពលរដ្ឋនៅឃុំចំនួន៥ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល គឺឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ ដែលប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ ទទួលបានលទ្ធផលតេស្ដអវិជ្ជមានទាំងលើកទី១ និងលើកទី២ ប៉ុន្ដែត្រូវបន្ដធ្វើចត្ដាឡីស័កតាមចំនួនកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

គ្រាដែលកំពុងធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា អភិបាលរងខេត្តកណ្តាល រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋតាមផ្ទះ ក្នុងឃុំចំនួន០៥ ស្រុកខ្សាច់កណ្តាល។

ក្នុឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

លោកបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលបានទទួលលទ្ធផលសំណាកអវិជ្ជមានទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការណែនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ» ព្រមទាំងវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

អំណោយដែលបានផ្តល់ជូនគ្រួសារធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន០៥ រួមមាន៖ ឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ ក្នុងមួយគ្រួសារទទួលបាន អង្ករ០១បាវ មី០១កេស ទឹកត្រី០១យួរ ទឹកស៉ីអ៉ីវ០១យួរ ត្រីខ០១យួរ សៀងផ្អែម ០១យួរ ប្រេងខ្យង ជែលលាងសម្អាតដៃ និងថវិកា១០០,០០០រៀល៕