(ស្ទឹងត្រែង)៖ ខណៈដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជីវករ ម្ចាស់ក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បានចូលរួមអនុវត្តវិធានការសុខាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជា បានយ៉ាងសកម្ម និងល្អប្រសើរនោះ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសថា រហូតដល់ពេលនេះ ខេត្តស្ទឹងត្រែង មិនទាន់មានការបិទចរាចរ ឬផ្នែកណាមួយក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាន នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងទៀតថា៖

ទី១៖ មកទល់នឹងពេលនេះខេត្តស្ទឹងត្រែង ពុំទាន់ទទួលបានគោលការណ៍ដឹកនាំ និងដាក់ចេញនូវវិធានការណាមួយឲ្យមានការបិទការធ្វើដំណើរចេញចូលក្នុងមូលដ្ឋាន និងបិទផ្នែកណាមួយនៃខេត្តនៅឡើយទេ ពោលគឺការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល និងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានឲ្យបានម៉ឺងម៉ាត់។

ទី២៖ ចំពោះការប្រតិបត្តិវិធានការចត្តាឡីស័ក សូមអនុវត្តទៅតាមស្មារតីសេចក្តីជូនដំណឹងលេខ ១៧៥/២១ សជណចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតមានការជូនដំណឹង ថ្មី។ ទន្ទឹមនេះរដ្ឋបាលខេត្តសូមធ្វើការក្រើនរលឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ចូលរួមអនុវត្តវិធានសុខាភិបាល និងផ្តល់ព័ត៌មាន ពិតប្រាកដ ដើម្បីធានាការគ្រប់គ្រងបានសុខភាពសាធារណៈ ការប៉ះពាល់ដល់អាយុជីវិត ការខាតបង់ធនធានទ្រព្យសម្បត្តិ និងជីវភាពរស់នៅ ក្នុងបរិបទ នៃបញ្ហាជំងឺកូវីដ-១៩។

ទី៣៖ នៅតាមទីតាំងព្រំប្រទល់ខេត្តស្ទឹងត្រែង ជាមួយនឹងខេត្តផ្សេងទៀតតាមដងផ្លូវជាតិចូលខេត្តនិងច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រមទាំងច្រករបៀងមួយចំនួនទៀត គឺពិតជាមាន់ការត្រួតពិនិត្យត្រឹមត្រូវនូវស្ថានភាពសុខភាពអ្នកដំណើរគ្រប់រូប និងសន្តិសុខសណ្តាប់ធ្នាប់ ដូច្នេះសូមប្រជាពលរដ្ឋ និងអ្នកដំណើរចូលរួមសហការអនុវត្ត ជាមួយមន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ចជំនាញកំពុងបំពេញការងារតាមគោលដៅទាំងនោះ។ ដោយឡែកចំពោះការកំណត់ ឲ្យអ្នកដំណើរណាម្នាក់ ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ឬនៅមូលដ្ឋាន គឺត្រូវស្ថិតក្នុងលក្ខណៈវិនិច្ឆ័យសុខាភិបាល មានការផ្តល់ការប្រឹក្សាយោបល់បច្ចេកទេស ពីមន្ត្រីជំនាញ សុខាភិបាល និងមានគោលការណ៍សម្រេចពីថ្នាក់ដឹកនាំខេត្ត។

ទី៤៖ ការប្រតិបត្តិរាល់វិធានការ និងភារកិច្ចនៅតាមទីតាំងគោលដៅខាងលើនេះ ពុំត្រូវធ្វើឲ្យមានការកកស្ទះ ឬប៉ះពាល់ដល់ការធ្វើដំណើរចេញចូល ការដឹកជញ្ជូន ក្នុងគោលដៅសេដ្ឋកិច្ចសង្គមឡើយ។

ទី៥៖ អាជ្ញាធរមូលដ្ឋាន មន្ត្រីមានសមត្ថកិច្ច មន្ត្រីសុខាភិបាល និងផ្នែកពាក់ព័ន្ធត្រូវផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាននេះឲ្យបានទូលំទូលាយ និងធានាការប្រតិបត្តិ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្ទឹងត្រែង៖