(កណ្តាល)៖ ក្រោយពីប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅតាមភូមិ របស់ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នើសុំ និងសំណូមពរឲ្យមានការដាក់លូ ដើម្បីជួយរំដោះទឹក ជៀសវាងការលិចផ្ទះ របស់ពួកគាត់នោះ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមការងារគណៈពង្រឹងឃុំដើមឫស ដឹកនាំដោយលោក ដួង ហេង ប្រធានគណៈពង្រឹង និងអនុប្រធាន លោក នួន ណារិន ព្រមទាំងក្រុមការងារចុះទៅដោះស្រាយ ការងារមួយនេះ នៅក្នុងមូលដ្ឋានជាក់ស្តែងតែម្តង។

នៅក្នុងឱកាសនោះលោក ដួង ហេង និងក្រុមការងារ បានបើកការដ្ឋានជីកប្រឡាយដាក់លូ ដើម្បីជួយរំដោះទឹកកុំឲ្យលិចលង់ផ្ទះ របស់ពួកគាត់ ហើយបង្វែរទឹកទាំងនោះ ហូរទៅកាន់ដីស្រែរបស់ពួកគាត់តែម្តង។ សម្រាប់ការបើកការដ្ឋានជីកប្រឡាយ និងដាក់លូ ប្រវែង២៦២ម៉ែត្រ ដោយចំណាយទឹកប្រាក់ចំនួន៧៩០០ដុល្លារ។ សម្រាប់ដំណោះស្រាយមួយនេះ ប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូល ពិតជាសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមការងារគណៈពង្រឹងឃុំ ដែលធ្វើឲ្យផ្ទះរបស់ពួកគា ត់លែងលិចទឹកតទៅទៀត។

ក្រោយបញ្ចប់ការអញ្ជើញ ចូលរួមបើកការដ្ឋានជីកប្រឡាយដាក់លូរួចលោក ដួង ហេង និងលោក នួន ណារិន បានដឹកនាំក្រុមការងារ នាំយកអំណោយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានគណៈពង្រឹង ស្រុកកណ្តាលស្ទឹង យកទៅចែកជូនប្រជាពលរដ្ឋ ចំនួន២១៨គ្រួសារ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ដែលសរុបទឹកមានចំនួន ៩១.៤៦០.០០០រៀល។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយក អំណោយបន្ថែមទៀត ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលជួបការខ្វះខាត នៅក្នុងជីវភាពយ៉ាងខ្លាំង សម្រាប់ការចូលរួមចំណែកកាត់បន្ថយ ការលំបាករបស់ពួកគេបានមួយកំរិត។ នៅចំពោះប្រជាពលរដ្ឋ ទាំងនោះ លោក ដួង ហេង បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចំពោះការគិតគូលើការរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

លោកបានប្រាប់ទៅកាន់ប្រជាពលរដ្ឋ ដែលមានអាយុធ្វើអត្តសញ្ញាណប័ណ្ណអញ្ជើញទៅធ្វើបានគ្រប់គ្នាៗ ដើម្បីងាយស្រួលយក ទៅប្រើប្រាស់ និងចូលរួមបោះឆ្នោតនាពេលខាងមុខនេះ ហើយអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពភាព ក៏ត្រូវទៅធ្វើផងដែរ៕