(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌ៧មករា លោក នេត  ស៉ីថុន បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះថា ករណីគូរសង្សាត្រូវក្រុមចោរ ៤នាក់ជិះម៉ូតូ២គ្រឿង មកប្លន់ម៉ូតូពីពួកគេនោះ គឺជារឿងមិនពិតទេ ពោលពួកគេទាំង២នាក់មានការ ឈ្លោះប្រកែកគ្នា ទើបប្រឌិតជារឿងប្លន់តែម្តង ។

លោកនេត ស៉ីថន បានបញ្ជាក់ថា " រឿងនេះមន្រ្តីយើងសួរហើយ មិនមែនជាករណីប្លន់អីទេ គឺពួកគេឈ្លោះគ្នាហើយក៏ប្រឌិតរឿង ប្លន់តែម្តង នាំឲ្យសមត្ថកិច្ចយើងផ្អើលចុះទៅសួរនាំ និងជួយអន្តរាគមន៍ភ្លាមៗ"។

សូមបញ្ជាក់ថា សង្សារមួយគូរមកពីដើរលេង ត្រូវបានជនល្មើសមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង​ប្រដាប់ដោយកាំភ្លើងខ្លី ធ្វើការភ្ជង់ និងវាយនារីជាសង្សារបណ្តាលឲ្យ រងរបួសប្លន់យកម៉ូតូ Scoopy សេរីឆ្នាំ២០១៥មួយគ្រឿង ទៅបាត់នៅចំណុចខាងលិច ស្តុបណានជីង ជាង១០០ម៉ែត្រ ​ស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា​ នាម៉ោង១២៖១០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ថា​ នៅម៉ោងខាងលើ គេបានឭសម្លេងស្រែកឲ្យជួយផង មានចោរប្លន់ ពេលនោះប្រជាពលរដ្ឋបានបើកទ្វារ ចេញមកខាងក្រៅ ក៏ឃើញមានមនុស្សមួយក្រុមជិះម៉ូតូ២គ្រឿង មានម៉ាក​ ឌ្រឹមសង់ និងម៉ាក ​Zoomer X កំពុងតែវាយគូរសង្សារមួយគូរ​ ភ្លាមនោះគេបានឃើញក្រុមនោះ បានយកកាំភ្លើងខ្លីវាយទៅលើនារីដែលជាសង្សារ បណ្តាលឲ្យរងរបួសផងដែរ​ បន្ទាប់ពីវាយនារីជាសង្សារ បណ្តាលឲ្យរងរបួសហើយ ក្រុមជនសង្ស័យទាំងអស់នោះបានយកម៉ូតូ របស់ជនរងគ្រោះ ជិះចេញទៅបាត់ដោយសុវត្ថិភាព​ អ្នកឃើញហេតុការណ៍ត្រូវបានជនរងគ្រោះប្រាប់ថា ម៉ូតូដែលក្រុមចោរប្លន់ យកទៅបាត់នោះម៉ាក Scoopy សេរីឆ្នាំ២០១៥​ ស្លាកលេខភ្នំពេញ 1CU-0005​ ។

បន្ទាប់ពីនិយាយរួច ជនរងគ្រោះបានហៅម៉ូតូឌុបដឹកកសង្សារ ដែលត្រូវក្រុមចោរវាយ និងកាំភ្លើងបណ្តាលឲ្យរងរបួស ទៅពេទ្យដើម្បីព្យាបាល​៕