(ភ្នំពេញ)៖ «ម្រេចកំពត» ត្រូវបានសហភាពអឺរ៉ុប ចុះបញ្ជីសម្គាល់ភូមិសាស្រ្ត។ នេះជាផលិតផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានសហភាពអឺរ៉ុប ចុះបញ្ជីសម្គាល់អត្តសញ្ញាណ ដើម្បីបង្ការការក្លែងបន្លំ ដែលអាចបណ្ដាលឱ្យមានការរំលោភបំពានកេរ្តិ៍ឈ្មោះ របស់ម្រេចកំពត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ដែល Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការចុះបញ្ជីផលិតផល​សម្គាល់ភូមិសាស្ត្រ​លើកដំបូង​បំផុត​សម្រាប់​ផលិតផលរបស់​ប្រទេសកម្ពុជា​នៅលើទីផ្សា​សហភាពអឺរ៉ុប ដែលបានបង្កើតឡើង​​ដោយប្រទេសចំនួន២៨ នឹងជួយពង្រីកទីផ្សារ «ម្រេចកំពត» ទៅអ្នកប្រើប្រាស់ច្រើនជាង ៥០០លាន​នាក់។

សេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថា «ម្រេចកំពត ឬ Poivrede Kampot» នឹងទទួលបានអត្ថប្រយោជន៍​ពីការការពារកម្រិត​ខ្ពស់បំផុត​លើទីផ្សារអឺរ៉ុប ជាពិសេសប្រឆាំងការចម្លង និង កែច្នៃជៀស​វាង​មិនឱ្យមានការក្លែងបន្លំ ដែលអាចនឹង​បណ្ដាលឱ្យមានការរំលោភ​បំពានកេរ្តិ៍ឈ្មោះរបស់ម្រេចកំពតនេះ។ វាជាផលិតផលសម្គាល់​ភូមិសាស្ត្រ មិនមែនជាផលិតផល​របស់សហភាពអឺរ៉ុបទី២០ ដែលទទួល​បានការការពារស្រប​ច្បាប់​ពីសហភាពអឺរ៉ុប ក្នុងបទប្បញ្ញត្តិ ១១៥១/២០១២ ដែលបានចូលរួមជាមួយផលិតផលល្បីល្បាញជាច្រើនផ្សេងទៀត។

សហភាពអឺរ៉ុប បានអះអាងថា ការចុះឈ្មោះ នៃស្លាកសញ្ញាសម្គាល់ភូមិសាស្រ្តរបស់ផលិតផល​ប្រទេសកម្ពុជាមួយនេះ បានជួយត្រួសត្រាយផ្លូវ សម្រាប់ការចុះបញ្ជី​លើផលិត​ផល​សំគាល់​ភូមិសាស្រ្ត​របស់ប្រទេសកម្ពុជា​បន្ថែមទៀត ហើយរឿង ដ៏ជោគជ័យមួយនេះ នឹងអាចជួយឲ្យមានការផ្លាស់ប្តូរ​ដល់ផលិតផលកម្ពុជា ដែលមាន​គុណភាពខ្ពស់ផ្សេងៗទៀត។

សូមបញ្ជាក់ថា សូចនាករភូមិសាស្រ្ត (GIs) គឺជាប្រភេទកម្មសិទ្ធិបញ្ញាមួយដែលកំណត់នូវអត្តសញ្ញាណរបស់ផលិតផល មួយដែលមានប្រភពមកពីតំបន់ ឬ ប្រទេសមួយជាក់លាក់ ក៏ដូចជាទទួល​បានតាមរយៈវិធីសាស្រ្ត​ផលិតកម្ម មួយច្បាស់លាស់ផងដែរ។ កេរ្តិ៍ឈ្មោះរបស់ផលិត ផលសម្គាល់ភូមិសាស្រ្តមួយ ដែលផ្តោតសំខាន់ទៅលើគុណភាព ឬភាព ត្រឹមត្រូវរបស់ផលិតផលនោះ​ត្រូវបានផ្សារ​ភ្ជាប់​យ៉ាងជិតស្និទ្ធ​ទៅនិងប្រភព នៃភូមិសាស្ត្រដើមរបស់វា។ សូចនាករភូមិសាស្ត្រមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងសហភាពអឺរ៉ុប (EU) ដែលជាកន្លែងមានប្រវត្តិសម្បូរទៅដោយផលិតកម្ម កសិកម្ម ឯកទេស និង ផលិតផលក្នុងស្រុក ដែលមានផលិតផលល្បីៗ ជាច្រើនទៀត បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកន្លែងដែលជាប្រភពដើមរបស់ពួកគេ មានដូចជា កាហ្វេកូឡុំប៊ី ឬ ស្រាសាំប៉ាញ ឬ តែដាជែលលីងជាដើម។

សូចនាករភូមិសាស្រ្ត (GIs) គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ សូចនាករ​ភូមិសាស្រ្ត (GIs) អាចទទួលបានការពារ និង អភិរក្សនូវកម្មសិទ្ធិបញ្ញា ដែលទាក់ទងទៅនឹងវប្បធម៌ ប្រពៃណីទំនៀមមទម្លាប់ភាពសម្បូរបែប នៃភូមិសាស្ត្រ និង វិធីសាស្ត្រនៃការផលិតរបស់ផលិតផលនោះ។ នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សហភាពអឺរ៉ុបបានគាំទ្រ​សមាគម ក្នុងការផ្សព្វផ្សាយម្រេច​កំពតក្នុងកិច្ចខិតខំប្រឹងប្រែង​របស់ពួកគេ ដើម្បីលើកកម្ពស់និងធ្វើទីផ្សារផលិតផល ដែលមានគុណភាពខ្ពស់មួយនេះ។

ធាតុសំខាន់នៅក្នុងគោលនយោបាយគុណភាពផលិតផលរបស់សហភាពអឺរ៉ុប គឺការចុះបញ្ជីជាផលិតផល សម្គាល់ភូមិសាស្ត្រ ដែល នឹងផ្តល់តម្លៃបន្ថែមទៅលើកេរ្តិ៍ឈ្មោះរបស់ម្រេចកំពត ក៏ដូចជាជួយ​ប្រយុទ្ធ ប្រឆាំងទៅនិងការក្លែងបន្លំផលិតផល ព្រមទាំងជួយបង្កើនភាពលេចធ្លោររបស់វានៅលើទីផ្សារផលិតផល នៅក្នុងសហភាពអឺរ៉ុប ក៏ដូចជានៅប្រទេសកម្ពុជា និងនៅលើទីផ្សារដទៃទៀត ដោយ សារតែផលិតផលនេះ មានបិទស្លាកសញ្ញាបញ្ជាក់គុណភាព ភីជីអាយ (PGI) នៅលើវាចាប់ពីពេលនេះទៅ៕