(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា មិនមានការបិទការចេញចូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចអ្វីដែលជាការចែកចាយព័ត៌មានប្រឌិតនោះទេ។

លោក ឃួង ស្រេង បានអះអាងទៀតថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភពអ្នកប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដែលបង្កឲ្យប្រជាពលរដ្ឋយល់ច្រឡំភិតភ័យ។

អភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា ការចេញចូលរាជធានីភ្នំពេញ គឺនៅដូចធម្មតា មិនមានការបិទអ្វីនោះឡើយ។ ហើយអ្វីដែលបានចែកចាយនោះ គឺជាព័ត៌មានមិនពិត រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលការចែកចាយនេះ។ ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវលើករណីនេះ»

គួរជម្រាបថា ការចេញមកច្រានចោលរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានការចែកចាយសំឡេងនៅលើបណ្ដាញសង្គមថា អាជ្ញាធរនឹងបិទការចេញចូលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈព័ត៌មាននេះ គឺជាព័ត៌មានមិនពិត ប្រឌិតឡើងដោយជនអគតិប៉ុណ្ណោះ៕