(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យលេខ៣៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា បុគ្គលដែលចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹងអនុក្រឹត្យនេះ ត្រូវពិន័យពី ៥លានរៀល ទៅ២០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត។

«ការចាត់ចែងសពមានផ្ទុកមេរោគកូវីដ១៩» ដែលល្មើសនឹងមាត្រា១៥ និងមាត្រា២៥ ក្នុងអនុក្រឹត្យលេខ៣៧ បានឲ្យដឹងថា ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាងអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានក្រើនរំលឹកពីទណ្ឌកម្ម ក្នុងអនុក្រឹត្យលេខ៣៧ ចំពោះ «ការចាត់ចែងសពមានផ្ទុកមេរោគកូវីដ១៩» ដែលល្មើសនឹងអនុក្រឹត្យនេះ។ លោកបញ្ជាក់ថា ក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។

ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគ សាកសពត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលលទ្ធផល នៃការវិភាគវត្ថុសំណាកបញ្ជាក់ថាសាកសពគ្មានផ្ទុកមេរោគកូវីដ-១៩ នោះទេក្រសួងសុខាភិបាលត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត៕