(ភ្នំពេញ)៖ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានការរំពឹងទុកថា ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០២១នេះ នឹងនៅតែបន្ដមានការកើនឡើងតាមផែនការ ខណៈដែលក្នុងឆ្នាំ២០២០ រកចំណូលបានជាង៧៩លានដុល្លារ កើនឡើងប្រមានជិត៥០ភាគរយ។

លោក ស៊ឹម ស៊ីថា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលនៅក្នុងឆ្នាំ២០២០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានការកើនឡើង ហើយយើងរំពឹងថា នៅក្នុងឆ្នាំ២០២១ ក៏មានកើនឡើងផងដែរ ប៉ុន្ដែមិនច្រើននោះឡើយ»

លោក ស៊ឹម ស៊ីថា បានឲ្យដឹងថា តម្លៃទឹករបស់រដ្ឋាករទឹកមានការប្រែប្រួល ដោយសារតែមានការឧបត្ថម្ភធន ទៅលើប្រជាពលរដ្ឋ ដែលប្រើតិចជាង ៧ ឬ១០ម៉ែត្រគូប ដោយមានការលក់ថោកជាងថ្លៃដើម។ លោកថា ក្នុងករណីមានអាជីវកម្មកំណើនប្រើច្រើន តម្លៃទឹកក៏មានការកើនឡើង ប៉ុន្ដែនៅពេលដែលមានអតិថិជនធម្មតា មកប្រើទឹកច្រើនវិញនោះ តម្លៃទឹកនឹងអាចធ្លាក់ថយ ហើយចំណូលក៏អាចថយតាមនោះផងដែរ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រដ្ឋាករទឹកក្រុងភ្នំពេញ ត្រូវធ្វើការថ្លឹងថ្លែង ដោយមិនអាចវាយតម្លៃ និងគ្រប់គ្រង់ឲ្យបាន ពេញលេញនោះឡើយ ដោយសារតែបញ្ហាចំបង លើបញ្ហាការបាត់បង់ទឹក ព្រោះថា បាត់បង់ទឹក ដូចបាត់បង់លុយដូច្នេះដែរ ហើយទឹកវាជាចំណាញមួយដ៏សំខាន់។ ហេតុដូច្នេះ បានជាក្រុមការងារ កំពុងខិតខំបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងទឹក ធ្វើយ៉ាងណាកុំឲ្យបាត់បង់ទឹក។

លោក ស៊ឹម ស៊ីថា ក៏បានធ្វើការស្នើសុំ ឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ពុំមានការខ្វះខាតទឹក សូមមេត្ដាសន្សំសំចៃទឹក ដើម្បីជាចំណេញមួយ រុញទៅដល់ប្រជាពលរដ្ឋ និងអ្នកអាជីវកម្ម ដែលរស់នៅជាយក្រុង មានការខ្វះខាតទឹក ឬក៏ទឹកចេញខ្សោយ បានប្រើប្រាស់ទឹកគ្រប់គ្រាន់ ហើយវាក៏ជួយ ដល់ការរក្សាតម្លៃទឹកឲ្យមានលំនឹង។

គូសបញ្ជាក់ថា នៅឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលសរុបបានចំនួន ៣២៤,៣៦៧,៨៥៦,០០០រៀល (ជាង៧៩លានដុល្លារ) កើនឡើងចំនួន ១០៧,៨៧១,០៤០,០០០រៀល (ជាង២៦លានដុល្លារ) ស្មើនឹង៤៩.៨៣%។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ ទ្រព្យសកម្មសរុបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំនួន ១,៨៦៤,៦១៨,១៤០,០០០រៀល (ជាង៤៥៤លានដុល្លារ) កើនឡើងចំនួន ២៦០,២៧៤,២១៨,០០០រៀល (ជាង៦៣លានដុល្លារ) ឬ១៦,២២% និងមូលធនសរុបមានចំនួន ៩៨២,០៥២,៦៥៧,០០០រៀល (ជាង២៣៩លានដុល្លារ) កើនឡើងចំនួន ៦៨,៣៤៨,០១៨,០០០រៀល (ជាង១៦លានដុល្លារ) ឬ ៧,៤៨%។

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងផលិតទឹកស្អាត ៥៥,៩៥៧,៥៣១ម៉ែត្រគូប ជាមួយនឹងការពង្រីកបណ្តាញ ចែកចាយទឹកបន្ថែម ៥០,២៧០ម៉ែត្រ។

រដ្ឋាករទឹកក្រុងភ្នំពេញ ជាក្រុមហ៊ុនរដ្ឋដំបូងគេ ដែលបានឡើងផ្សារហ៊ុន កាលពីឆ្នាំ២០១២ ដែលមានតម្លៃ IPO ចំនួន ៦៣០០រៀលក្នុង១ហ៊ុន។ បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកក្រុងភ្នំពេញ ៦៣៤០រៀលក្នុង១ហ៊ុន៕