(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ អស់រយៈពេល១ព្រឹក ទៅនឹងបណ្តឹងជំទាស់របស់ អ្នកភូមិបឹងកក់ ១៣នាក់ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ តុលាការកំពូល គ្រោងនឹងប្រកាសសាលដីកា នៃសំណុំរឿងនេះ នៅថ្ងៃទី១៦ ខែមីនា ខាងមុខ។ នេះបើតាមការ អះអាងរបស់លោកស្រី ទេព វន្នី អ្នកភូមិបឹងកក់ ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។

កាលពីអំឡុងឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានកាត់ទោសឱ្យអ្នកភូមិបឹងកក់ ១៣នាក់ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ២ឆ្នាំកន្លះ បន្ទាប់ពីអ្នកបឹងកក់ទាំងនោះប្រមូលផ្តុំគ្នា ធ្វើសន្និសីទកាសែត និងរារាំងដល់អាជ្ញាធរដែលសម្រួលដល់ការ វិនិយោគរបស់ក្រុមហ៊ុនស៊ូកាកូអ៊ីន នៅតំបន់បឹងកក់ ។ តុលាការបានចោទអ្នកបឹងកក់ទាំង១៣នាក់ចំនួន៣ករណី រួមមាន ១.ត្រៀមកាន់កាប់ដីបុគ្គលសាធារណៈ ២.ជេរប្រមាថប្រឆាំងនឹងមន្រ្តីសាធារណៈ និងទី៣.ប្រើអំពើហិង្សាគប់ដុំថ្មទៅលើ មន្រ្តីសាធារណៈ។

លោកស្រី ទេព វន្នី បាននិយាយថា បន្ទាប់ពីមានការចាប់ខ្លួន ពលរដ្ឋបឹងកក់ទាំង១៣នាក់ ត្រូវបានជាប់ក្នុងពន្ធនាគារ១ខែ៣ថ្ងៃ ហើយបន្ទាប់មកក៏ត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹម ដោយផ្តន្ទាទោស២ឆ្នាំកន្លះដដែល ប៉ុន្តែអនុញ្ញាតឱ្យឱ្យនៅក្រៅឃុំ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រី អះអាង ពលរដ្ឋបឹងកក់ទាំង១៣នាក់ ពុំពេញចិត្តចំពោះការសម្រេចនេះនោះទេ ដោយចាត់ទុកថា ជារឿងអយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាដីធ្លី៕