(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទកាកក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចូលរួម ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌មួយខ្នង ជូនលោកយាយ ខឹម ណារី អាយុ៦៨ឆ្នាំ ជាស្ដ្រីមេម៉ាយ រស់នៅម្នាក់ឯងគ្មានទីពឹង នៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្ដកំពង់ចាម។

ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកយាយ ខឹម ណារី ខាងលើនេះ ក៏មានការនិមន្តចូលរួម ពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្ត ព្រមទាំងព្រះសហការី ផងដែរ។

ក្នុងឱកាសនោះ សាខាកាកបាទកាកក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បានចែកអំណោយមនុស្សធម៌ ជូនគ្រួសារដែលក្រីក្រ និងជួបការលំបាក ក្នុងកំឡុងពេលកូវីដ១៩ ចំនួន១២ គ្រួសារបន្ថែមទៀត និងបានណែនាំឲ្យអនុវត្តន៍ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា៕