(ភ្នំពេញ)៖ លោកស្រី ជុន នែលលី អគ្គនាយិការបស់ផ្សាររាត្រី រាជធានីភ្នំពេញ បានប្រកាសបញ្ចុះតម្លៃឈ្នួលតូបជិត២០០ស្ដង់ ចំនួន៥០ភាគរយ ជូនអាជីវកររយៈពេល៣ខែ គិតចាប់ពីខែមេសា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងនេះ គណៈកម្មការផ្សាររាត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖

*ទី១៖ ក្រុមហ៊ុនសម្រេចបញ្ចុះតម្លៃតូប ៥០ភាគរយ ជូនបងប្អូនអាជីវកររយៈពេល៣ខែសិន គិតចាប់ពីខែមេសា ឆ្នាំ២០២១នេះតទៅ។ ក្រោយការចុះជូនរយៈពេល៣ខែនេះរួច ក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្ដែងបន្ដទៀត។

*ទី២៖ ក្រុមហ៊ុនសម្រេចផ្អាកការប្រគុំតន្ដ្រីបណ្ដោះអាសនុ្ន រហូតដល់ស្ថានភាពកូវីដ១៩ មានភាពប្រសើរឡើងវិញ។

គួរជម្រាបថា ផ្សាររាត្រីរាជធានីភ្នំពេញ ជាផ្សារទី២ហើយ ក្នុងរាជធានីភ្នំពេញ ដែលបានប្រកាសបញ្ចុះតម្លៃថ្លៃតូបជូនអាជីវករ ខណៈផ្សារដើមគរ ជាផ្សារដំបូងគេដែលប្រកាសមិនយកថ្លៃឈ្នួលទាំងអស់តែម្ដង តូបចំនួន១២០តូប រហូតស្ថានភាពកូវីដ១៩ ស្ងប់ស្ងាត់ និងល្អប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករ៕