(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន ៥លានរៀល និងគ្រឿងឧបភោគបរិភោគជាអង្ករ ចំនួន១០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខ និងឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពស្ត្រីឈ្មោះ ហ៊ូ ហូយ អាយុ៧២ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩។

សកម្មភាពមនុស្សធម៌នេះ មានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, កម្លាំងនគរបាលរដ្ឋបាលសង្កាត់, សណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីរាជការពាក់ព័ន្ធផងដែរ ស្ថិតនៅផ្ទះល្វែងមួយកន្លែង ក្នុងបុរីសម្បត្តិមាស សង្កាត់ឫស្សីកែវ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ លោក ជា ពិសី បាននាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះក្រុមគ្រួសារសពស្ត្រីឈ្មោះ ហ៊ូ ហូយ អាយុ៧២ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមជម្រាបថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរឈ្មោះ ហ៊ូ ហូយ អាយុ៧២ឆ្នាំ រស់នៅខណ្ឌឬស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣៖៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១៕