(សៀមរាប)៖ ហាងកាហ្វេ «លឹម ឆាយ» ស្ថិតនៅជិតស្ពានអាងក្រពេី ក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះព្រមាន និងណែនាំឱ្យអនុវត្តកាតព្វកិច្ចរក្សាគម្លាតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការចុះព្រមាន និងអប់រំនេះ បន្ទាប់ពីហាងកាហ្វេនេះ នៅតែបណ្តោយឱ្យភ្ញៀវចូលហូបកាហ្វេអង្គុយពពាក់ពពូនគ្នា ដោយមិនខ្លាចរអាពីការរីករាលដាលជំងឺកូវីដ១៩ នោះឡេីយ។

មន្ត្រីនគរបាលដឹកនាំកម្លាំងចុះទៅព្រមានទីតាំងហាងកាហ្វេនៅព្រឹកថ្ងៃទី២៨ ខែមីនា បានបញ្ជាក់ថា នេះជាវិធានការដំបូង គឺការព្រមានលើកទី១ ដែលត្រូវធ្វើកិច្ចសន្យាអប់រំណែនាំដល់ដល់ម្ចាស់ទីតាំងហាងកាហ្វេនេះឲ្យអនុវត្តនូវវិធានការកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

ក្នុងករណីបន្តអនុវត្តបំពាននឹងច្បាប់ និងអនុក្រឹត្យលេខ៣៧អនក្រ.បក ចុះថ្ងៃទិ២២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងខ្លឹមសារនៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នោះម្ចាស់ត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ពី២លានរៀលទៅ១០លានរៀល។

ដោយឡែកចំពោះបុគ្គលដែលមិនអនុវត្ត ក៏ត្រូវទទួលទណ្ឌកម្មដូចគ្នាផងដែរ ដោយលើកទី១ ដោយគ្រាន់តែជាការព្រមាន ហើយលើកទី២ ត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ផងដែរ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ លោក ទៀ សីហា ជាប្រធាន និងជាអភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចុះចាត់វិធានការអនុវត្តតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការពង្រឹងការចាត់វិធានការតឹងរ៉ឹងបំផុតចំពោះការឆ្លងរាលជំងឺកូវីដ-១៩។

រដ្ឋបាលបន្តទទូចដល់ប្រជាពលរដ្ឋអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ ត្រូវរក្សាគម្លាតបុគ្គល) និង៣កុំ (កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ កុំប៉ះពាល់គ្នា)៕