(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសម្នាក់ដែលរត់គេចពីការធ្វើចត្តាឡីស័ក រហូតដល់ខេត្តពោធិ៍សាត់ លទ្ធផលតេស្ដលើកទី១ បានបង្ហាញថា «អវិជ្ជមានជំងឺកូវីដ១៩» ប៉ុន្ដែត្រូវបន្ដធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួនកំណត់។

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធានមន្ទីរ អភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ក្នុឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ។

លោកអភិបាលរងខេត្តកណ្តាល ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលបានទទួលលទ្ធផលសំណាកអវិជ្ជមានទាំងអស់ឲ្យយកចិត្តទុកដាក់ អនុវត្តទៅតាមវិធានការណែនាំរបស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ» ព្រមទាំងវិធានការណ៍នានា របស់ក្រសួងសុខាភិបាល និងការណែនាំរបស់អជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

អំណោយដែលបានផ្តល់ជូនគ្រួសារធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងមួយគ្រួសារទទួលបាន អង្ករ០១បាវ, មី០១កេស, ទឹកត្រី០១យួរ, ត្រីខ០១យួរ, សៀងផ្អែម០១យួរ និងថវិកា ១០០,០០០រៀល។ បន្តមកលោកអភិបាលរងខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន-រ៉ូតា ស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាលផងដែរ។

យោងតាមរបាយការណ៍របស់មន្ដ្រីសាលាខេត្តកណ្ដាល បានឲ្យដឹងថា ប្រជាពលរដ្ឋសរុបចំនួន២៤៦នាក់ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩ លទ្ធផលតេស្ដលើកទី១ បង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ទាំងអស់៕