(កែប)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ ករណីវិជ្ជមានកូវីដ១៩ ជនជាតិខ្មែរម្នាក់ មានស្រុកកំណើត នៅភូមិត្រពាំងល្ពៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មកធ្វើជាកម្មករស្ថាបនាផ្លូវនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្រោយយកសំណាកវត្ថុវិភាគលើកទី២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍២០កុម្ភៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ខេត្តកែប បានរកឃើញករណីវិជ្ជមានកូវីដ១៩ ជនជាតិខ្មែរចំនួន ០១នាក់ទៀត ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងល្ពៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មកធ្វើជាកម្មករស្ថាបនាផ្លូវនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ជាករណីទី២។

ប្រវត្តិអ្នកផ្ទុកកូវីដ១៩៖ មុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បុគ្គលរូបនេះ ជាកម្មករផ្សាដែក នៅផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មកដល់ការដ្ឋានស្ថាបនាផ្លូវ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាមរយៈរថយន្ត០១គ្រឿង មានមនុស្សចំនួន ០៤នាក់ (ជនជាតិចិន ចំនួន ០២នាក់ និងជនជាតិខ្មែរ ចំនួន០២នាក់) មកស្នាក់នៅ និងធ្វើការងារជាជាងផ្សាដែក នៅការដ្ឋានស្ថាបនាផ្លូវ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

រហូតដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់ បាននាំយកបុគ្គលទាំង០៤នាក់នេះ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត និងយកសំណាកវត្ថុវិភាគ ទទួលលទ្ធផលអវិជ្ជមាន។ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ យកសំណាកវត្ថុវិភាគលើកទី២ ទទួលលទ្ធផលវិជ្ជមាន ចំនួន០១នាក់ គឺ ឈ្មោះ អ៊ុន រិទ្ធី បច្ចុប្បន្នបុគ្គលវិជ្ជមាននេះ ត្រូវបានបញ្ជូនទៅសម្រាក និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

ទីតាំងដែលបុគ្គលវិជ្ជមាន បានទៅដល់ និងប៉ះពាល់ផ្ទាល់៖ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បុគ្គលរូបនេះ មិនបានចេញពីការដ្ឋាននេះឡើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងឡាយ ដែលមានការពាក់ព័ន្ធជាមួយបុគ្គល ឬទីតាំងខាងលើ និងមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមទំនាក់ទំនងក្រុមការងារ តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីធ្វើតេស្ត
សំណាកឲ្យបានឆាប់បំផុត។

ចំពោះអ្នកដែលប៉ះពាល់ដោយប្រយោល ជាមួយបុគ្គលរូបនេះ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅ ផ្ទះខ្លួនឯង សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូដ១៩ ក្នុងសហគមន៍៕