(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានរកឃើញប្រជាពលរដ្ឋ ៥១នាក់ មានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យថា មានផ្ទុកកូវីដ-១៩ ខេត្ត បានរកឃើញអ្នកដែលពាក់ព័ន្ធ នឹងស្ត្រីជនជាតិខ្មែរ ឈ្មោះ ទៀង អូន អាយុ ២៧ឆ្នាំ វិជ្ជមានកូវីដ-១៩ រស់នៅរាជធានីភ្នំពេញ បានធ្វើដំណើរតាមរថយន្តឈ្នួលសាំងយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2AX-4668 មកធ្វើពិធីសូត្រមន្តឡើងផ្ទះ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើបានត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមរយន្តឈ្នួលសាំងយ៉ុង ស្លាកលេខភ្នំពេញ 2AQ-8220 ហើយក៏មានអាការក្តៅខ្លួន ក្អក ឈឺក្បាល និងពិបាកដកដង្ហើមដោយមានការសង្ស័យ បានទៅយកវត្ថុវិភាគសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២១។

ក្រុមការងារបានចុះស្រាវជ្រាវ ដល់ទីតាំងរកឃើញអ្នកដែលពាក់ព័ន្ធ ផ្ទាល់និងប្រយោលជាមួយស្ត្រីជនជាតិខ្មែរខាងលើ មានចំនួន ៥១នាក់ ស្រី ២៥នាក់៖

១៖ អ្នកពាក់ព័ន្ធដោយផ្ទាល់សរុបចំនួន១៩អង្គ/នាក់ ស្រី៥នាក់រួមមាន៖ ព្រះសង្ឃ៣អង្គ ក្នុងនោះ បុរសអ្នកបើកបររថយន្តឈ្នួល២នាក់ បុរសជាជំនួយការ អ្នកបើកបរ១នាក់ បុរសជាអ្នករួមដំណើរ១នាក់ បុរសជាអាចារ្យ១នាក់ បុរសជាគ្រូពេទ្យ១នាក់ និងក្រុមគ្រួសារចំនួន១០នាក់ ស្រី៥នាក់ បានយកវត្ថុភាគសំណាក ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងដាក់ធ្វើចត្តាឡីស័កនៅតាមផ្ទះ និងវត្តដោយរង់ចាំលទ្ធផលធ្វើតេស្តលើកទីមួយ ដើម្បីមានវិធានការបន្ត។

២៖ អ្នកពាក់ព័ន្ធដោយប្រយោល មានចំនួន៣២នាក់ ស្រី២០នាក់ បានធ្វើចត្ដាឡីស័កនៅផ្ទះ ដោយធ្វើការតាមដានសុខភាពរង់ចាំលទ្ធផលធ្វើតេស្តលើកទីមួយ របស់អ្នកដែលពាក់ព័ន្ធផ្ទាល់ខាងលើរួមមាន៖

* ស្ត្រីជាបងប្អូនជីដូនមួយស្ត្រីខាងលើ មានចំនួន៣នាក់ បុរសជាអាចារ្យ១នាក់ ភ្ញៀវចូលរួម៨នាក់ ស្រី៧នាក់ ស្ត្រីជាអ្នករួមដំណើរ ជាមួយអ្នកបុរសជាអ្នកលក់ស្លាដក១នាក់ បុរសជាជាងដែក២នាក់ សរុប១៦នាក់ ស្រី១១នាក់។

* ក្រុមគ្រួសារអ្នកបើកបររថយន្តឈ្នួលសាំយ៉ុងស្លាកលេខភ្នំពេញ 2AX-4668 ៤នាក់ ស្រី១ និងបុរសជាអ្នករួមដំណើរ២នាក់ សរុប៦នាក់ ស្រី១នាក់។

* ក្រុមគ្រួសារអ្នកបើកបររថយន្តឈ្នួលសាំងយ៉ុង ស្លាកលេខភ្នំពេញ 2AQ-8320 ៧នាក់ ស្រី១នាក់ បុរសជាអ្នករួមដំណើរ១នាក់ និងស្ត្រីជាអ្នកជិតខាង២នាក់ សរុប១០នាក់ ស្រី៨នាក់។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយស្ត្រីខាងលើ ឬជាមួយអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែកពីគេ រយៈពេល ១៤ថ្ងៃ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបន្ត។

រដ្ឋបាលខេត្ត ក៏បានអំពាវនាវប្រជាពលរដ្ឋប្រជាពលរដ្ឋចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់ វិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ការពារជំងឺកូវីដ១៩ «៣ការពារ ៣កុំ» ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕