(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព ស្ត្រីជនជាតិខ្មែរ អាយុ៧៦ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដែលជាករណីស្លាប់ទី១០ នៅកម្ពុជា។

នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលបច្ចុប្បន្នមេរោគដ៏កាចសាហាវនេះកំពុងតែឆ្លងរាលដាលនៅលើពិភពលោក ហើយក៏កំពុងតែសម្លាប់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយើង។

សូមបញ្ជាក់ថា សពស្ត្រីជនជាតិខ្មែរ អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណភាពនៅវេលាម៉ោង១៩៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕