(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល បានឲ្យដឹងយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនានេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា៖ «ស្ត្រីខាងលើនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នឹងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺ មានសភាពហត់ខ្លាំង ដែលតម្រូវឱ្យមន្ទីរ ពេទ្យខេត្តព្រៃវែង បញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំយកចិត្តទុកដាក់ព្យាបាលរហូត ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះអ្នកជំងឺ ប៉ុន្តែការខិតខំនេះ នៅតែមិនអាចជួយអ្នកជំងឺបាន ហើយ គាត់ក៏បានធ្វើមរណកាលទៅនៅវេលាម៉ោង១៩៖០៥នាទីយប់»។

អ្នកជំងឺដែលស្លាប់នេះមានអាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា អ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។