(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ លម្អិតអំពីករណីវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីជនជាតិខ្មែរម្នាក់ អាយុ៧៤ឆ្នាំ រស់នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលពាក់ព័ន្ធនៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដ្រីខាងលើបានមកលេងផ្ទះកូននៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ គាត់បានចូលរួមពិធីសូត្រមន្តឡើងផ្ទះរបស់ឈ្មោះ ឆេង ហាង នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កូនបានជូនគាត់ត្រលប់ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមវិញ។

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយគាត់មានអាការៈមិនស្រួលខ្លួន កូនបានទៅយកគាត់ពីស្រកស្ទឹងត្រង់ ខេត្តកំពង់ចាម មកស្នាក់នៅផ្ទះកូន ភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ គាត់ចូលទៅពិនិត្យសុខភាព នៅមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចក៏បន្តដំណើរទៅព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លទ្ធផលសំណាករបស់គាត់ មានជំងឺកូវីដ-១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្នំពេញ។

ទីតាំង និងការប្រាស្រ័យទាក់ទង់៖ អ្នកប៉ះពាល់បឋមជាមួយស្ត្រីវិជ្ជមានជំងឺកូវីដ-១៩ សរុប២២នាក់ ស្រី០៧នាក់ ក្នុងនោះ អ្នកប៉ះពាល់ផ្ទាល់ចំនួន០៨នាក់ ស្រី០៣នាក់ និងអ្នកប៉ះពាល់ដោយប្រយោលចំនួន ១៤នាក់ ស្រី០៤នាក់។ ទីតាំងពាក់ព័ន្ធ សរុប០៣កន្លែង គឺ ទី១៖ ផ្ទះកូន នៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២៖ មន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ បរិវេណីជុំវិញ និងខាងក្នុងផ្សារស្ទឹង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត បាននឹងកំពុងចាត់វិធានការស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្វីដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។

ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ត្រូវទៅយកសំណាកនៅគ្រប់មន្ទីរពេទ្យ ក្នុងខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាសសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខ
ភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារ៣កុំ ដោយឡែក ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានដឹងកូវីដ-១៩ខាងលើ ត្រូវតែអនុវត្តឲ្យម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕