(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនានេះ។

លោកស្រីបញ្ជាក់ថា អ្នកជំងឺដែលស្លាប់នេះមានអាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានបញ្ចូនមកពីមន្ទីរពេទ្យខេត្តព្រៃវែង មកដល់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

លោកស្រីរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ និងបានស្លាប់នៅម៉ោង៧៖០៥នាទីយប់ ថ្ងៃនេះ ព្រោះតែខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩ វាយលុកខ្លាំង៕