(ភ្នំពេញ)៖ កម្ពុជាបន្ដទទួលបានភាពអនុគ្រោះពន្ធ ក្នុងការនាំចេញសន្លឹកថ្នាំជក់ ៣ពាន់តោនក្នុងមួយឆ្នាំ ទៅកាន់ប្រទេសវៀតណាម រយៈពេល២ឆ្នាំបន្ថែមទៀត គឺឆ្នាំ២០២១ និងឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះឲ្យដឹងថា ការបន្ដទទួលបានភាពអនុគ្រោះពន្ធនេះ ធ្វើឡើងបន្ទាប់កម្ពុជា-វៀតណាម បានឯកភាពគ្នា និងបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់បន្ដសុពលភាពនៃ កិច្ចសម្របសម្រួលជំរុញ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម។

សូមជម្រាបថា យោងតាមនាយកដ្ឋាននាំចេញ និងនាំចូល អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មឲ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជានាំចេញសន្លឹកថ្នាំជក់ ទៅកាន់ប្រទេសវៀតណាមចំនួន១,៣៧៧តោន គិតជាទឹកប្រាក់ ៤,១៩៧,៥០០ដុល្លារ។

សូមជម្រាបថា នៅខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់៤៨លានដុល្លារ ខណៈការនាំចូលពីវៀតណាម មានទឹកប្រាក់រហូតដល់២៧១លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលវៀតណាម នាំចូលកម្ពុជាមានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្មជាច្រើនទៀត ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត។

រីឯផលិតផល ដែលកម្ពុជានាំចេញ ទៅវៀតណាមវិញ មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផល ជាច្រើនមុខទៀត៕