(កណ្ដាល)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៤៥គ្រាប់ ដែលបន្សល់ពីសម័យសង្គ្រាមស៊ីវិល ត្រូវបានក្រុមកាយដឹកដីប្រទះនៅគ្រាដែលពួកគាត់កំពុងកាយអាចម៍ដី នៅវត្តស្អាងភ្នំ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

បើតាមប្រភពព័ត៌មានបានប្រាប់ភ្នាក់ងារ Fresh News ថា នៅថ្ងៃនេះ ក្រុមតៃកុងអាអិច បានកាយដីក៏ប្រទះឃើញឃើញគ្រាប់មិនស្គាល់ម៉ាក ក៏បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលឃុំស្អាងភ្នំ។ ក្រោយទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ កម្លាំងនគរបាលនៃប៉ុស្តិ៍ស្អាងភ្នំ បានចុះមកពិនិត្យមើល និងបានរាយការណ៍ទៅ CMAC ភ្លាមៗផងដែរ។

ប្រភពបានបញ្ជាក់ទៀតថា មិនយូរប៉ុន្មានមន្ត្រី CMAC ក៏បានមកដល់ហើយបន្តស្រាវជ្រាវរកឃើញគ្រាប់បែកមិនទាន់ផ្ទុះនេះជាបន្តបន្ទាប់បានចំនួន ៤៥គ្រាប់ ហើយយកទៅរក្សាទុកតាមជំនាញ។

បើតាមគណកម្មការអង្កការស៊ីម៉ាក់ បានឱ្យដឹងថា គ្រាប់មិនទាន់ផ្ទុះទាំងនេះ គឺបន្សល់តាំងពីកាលសម័យ លន់ ណុល មកម្ល៉េះ៕