(កំពង់ស្ពឺ)៖ អតីតប្រធាន អនុប្រធាន និងសមាជិកគណ:កម្មការប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ ៣រូប បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿលើការដឹកនាំ របស់អតីតមេដឹកនាំរបស់ពួកគេ និងបានមើលឃើញការដឹកនាំប្រទេសប្រកបដោយការអភិវឌ្ឍន៍ និងសន្តិភាពរបស់ប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ លោក វ៉ី សំណាង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសទទួល និងការបញ្ចូលពួកគេ ដែលបានស្ម័គស្មោះវិល មកកសាងជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយមើលឃើញការដឹកនាំប្រទេសប្រកបដោយការអភិវឌ្ឍន៍ និងសន្តិភាព។ ពិធីទទួលសមាជិកថ្មីធ្វើឡើង នៅសាលប្រជុំគណបក្សប្រជាជនខេត្តកំពង់ស្ពឺ ដោយមានវត្តមានអស់លោក លោកស្រី គណៈកម្មាការ និងសមាជិកអចិន្ត្រៃ នៃគណបក្សប្រជាជនខេត្ត។

លោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ បានចូលរួមអបអរសាទរជាមួយសមាជិកថ្មី ដែលធ្លាប់មានតួនាទីជាប្រធាន អនុប្រធាន និងសមាជិកប្រតិបត្តិរបស់អតីតគណបក្សសង្គ្រោះជាតិ។

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ស្ពឺ បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនរួមមាន៖

*ទី១៖ លោក ធុច សាអ៉ីម អតីតប្រធានគណ:កម្មការប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ
*ទី២៖ លោកស្រី ឌុចនូ សេរី អតីតអនុប្រធានគណ:កម្មការប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ
*ទី៣៖ លោក ទៀន សៀន អតីតសមាជិកគណៈកម្មការប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិ។

ជាមួយគ្នានេះ លោកអភិបាលបានថ្លែងផ្តាំផ្ញើបន្ថែមថា សូមពុក ម៉ែ មា មីង បងប្អូន កុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីយើងអាចចៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដទាំងអស់គ្នា៕