(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានចូលទៅផ្សារ វ័ន អេន វ័ន (ONE & ONE Mart) មានទីតាំងស្ថិតនៅភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅផ្សារ វ័ន អេន វ័ន (ONE & ONE Mart) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ម៉ោង០៣៖៥៩នាទី ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕