(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានចូលទៅ គីវី ម៉ាត (Kiwi Mart) មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១១០ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅគីវី ម៉ាត (Kiwi Mart) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម៉ោង១២យប់ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕