(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកបន្ទាយស្រី បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ និងទីប្រជុំជនសំខាន់ៗក្នុងភូមិព្រះដាក់ ក្រោយអ្នកជំងឺកូវីដ១៩មួយរូប មានប្រវត្តិចូលហូបនំបញ្ចុកនៅភូមិព្រះដាក់។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃនេះថា ក្នុងគោលបំណងនៃការចុះបាញ់ថ្នាំសម្លាប់មេរោគនៅពេលនេះ គឺដើម្បីទប់ស្កាត់ ហានិភ័យឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជាការឆ្លងរាលដាល ក្នុងបរិវេណតែមួយជាមួយនឹងតូបលក់នំបញ្ចុកទាំង២ទីតាំង ដែលអាជ្ញាធរបានចុះបិទ កាលពីម្សិលមិញ។ លោកបន្ថែមថា ការងារនេះ ក៏ដើម្បីលើកកម្ពស់ការយល់ដឹងពីមេរោគដ៏កាចសាហាវនេះ ក៏ដូចជាបង្កើតទម្លាប់ប្រុងប្រយ័ត្ន ក្នុងសហគមន៍ទាំងមូលនៃស្រុកបន្ទាយស្រី។

គួរបញ្ជាក់ថា អ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតកូវីដ១៩ ដែលមានមុខរបរបើករថយន្តឈ្នួល នៅភូមិព្រះដាក់សរុប៨នាក់ និងត្រូវបានយកសំណាកទៅពិនិត្យកាលពីល្ងាចថ្ងៃទី២៦ មីនា និងរង់ចាំលទ្ធផលនៅថ្ងៃនេះ។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពស្រុកបន្ទាយស្រី ក៏បានរៀបចំផ្សព្វផ្សាយអប់រំពីវិធានការសុវត្ថិភាព «៣ការពារ-៣កុំ» ព្រមទាំងរឹតបន្តឹងការពាក់ម៉ាស់រក្សាគម្លាតនៅក្នុងសហគមន៍យ៉ាងតឹងរ៉ឹងបំផុត៕