(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បញ្ចេញវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១ម៉ឺនដូសបន្ថែមទៀត ចាក់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។

បើតាមសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់វ៉ាក់សាំងបន្ថែម១ម៉ឺនដូសនេះ នឹងចាក់លើប្រជាពលរដ្ឋប្រមាណ ៥ពាន់នាក់បន្ថែមទៀត។

សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អាយុចាប់ពី ៦០ឆ្នាំឡើង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ យុទ្ធនាការនេះមានរយៈពេល ១៥ថ្ងៃ។ ការចាក់ត្រូវបានធ្វើឡើងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្ថិតក្នុងខណ្ឌទាំង១៤។

យុទ្ធនាការនេះ មានផែនការចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥៥,៧០០នាក់។ ការសម្រេចរបស់សម្តេចតេជោ ក្នុងការបញ្ចេញវ៉ាក់សាំង ១ម៉ឺនដូសបន្ថែម សម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ នឹងធ្វើឱ្យជនដែលត្រូវចាក់កើនដល់ ៦០,៧០០នាក់។

គណៈកម្មការចំពោះកិច្ចបានបញ្ជាក់ដែរថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យចាក់ជូនបុគ្គលិកស្ថានទូត និងអង្គការអន្តរជាតិមួយផងដែរ។ បុគ្គលិកស្ថានទូត និងអង្គការអន្តរជាតិដែលអនុញ្ញាតឱ្យចាក់រួមមាន៖

* ស្ថានទូតចំនួន១៨ នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុបចំនួន ៧៤១នាក់ បានចាក់រួចរាល់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកុមារជាតិ។

* អង្គការអន្តរជាតិចំនួន៤៤អង្គការ ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មានបុគ្គលិកសរុបចំនួន ១,៦៧១នាក់ បាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៦ ខែមីនា។

* អង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត មានបុគ្គលិកចំនួន ៤៤៣នាក់ ដែលនឹងជូនដំណឹងដល់អង្គការទាំងនោះ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយដែលនឹងត្រូវរៀបចំចាក់ជូនចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១តទៅ នៅមន្ទីរពេទ្យព្រះអង្គឌួង៕