(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន១១នាក់ ត្រូវបានអាជ្ញាធរមុខកំពូលអនុញ្ញាត្តឱ្យត្រលប់ទៅផ្ទះវិញ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយដោយលទ្ធផលតេស្តចំនួន៣លើក អវិជ្ជមានកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ សិរីមង្គល ក្រោយពួកគាត់ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»

ស្ថិតនៅក្នុងឱកាសចុះសួរសុខទុក្ខ និងជូនដំណើរនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានអបអរសាទរ ដែលប្រជាពលរដ្ឋទាំង១១នាក់ មិនមានអ្នកណាម្នាក់វិជ្ជមានជំងឺកូវីដ-១៩។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ដែលមានការអត់ធ្មត់ និងចូលរួមជាមួយអាជ្ញាធរបានយ៉ាងល្អ ក្នុងការធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរលោក តាំង ម៉េងលាន បានផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំង ១១នាក់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ គឺ «៣ការពារ និង៣កុំ»

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ប្រជាពរដ្ឋ នៅពេលត្រឡប់ទៅលំនៅស្ថានវិញ សូមបន្តផ្សព្វផ្សាយវិធានការទាំងនេះ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ផងដែរ។

ក្នុងនោះដែរ លោកតាំង ម៉េងលាន បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង១១នាក់ ក្នុង១នាក់ ទទួលបាន៖ អង្ករ២៥ គីគីឡូក្រាម មី ១កេសតូច ម៉ាសក្រណាត់ ៥ម៉ាស អាល់កុល១ដបតូច និងថវិកា ៥មុឺនរៀល ជាថវិការបស់រដ្ឋបាលខេត្តកណ្ដាល៕