(កំពង់ចាម)៖ ដោយមើលឃើញពីស្ថានភាពលំបាករបស់ស្ត្រីមេម៉ាយទុរគតម្នាក់ ជាអតីតមន្ត្រីកិច្ចការនារីស្រុកកោះសូទិន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម អមដំណើរដoយសមាជិក សមាជិការ រួមនឹងមន្ត្រីសង្ឃផងនោះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ផ្តល់ជូនស្ត្រីមេម៉ាយទុរគតម្នាក់ និងអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាទក្រហមកម្ពុជា មួយចំនួនទៀត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៣គ្រួសារ រស់នៅភូមិជីហែ ឃុំពាមប្រធ្នួស ស្រុកកោះសូទិន។

បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា ស្ត្រីឈ្មោះ ខឹម ណារី ជាអតីតមន្ត្រីកិច្ចការនារីស្រុកកោះសូទិន តាំងពីឆ្នាំ១៩៧៩ ហើយបានលាឈប់ពីការងារ ក្នុងឆ្នាំ១៩៨៦។ គាត់មានកូនប្រុស ស្រី៣នាក់ តែមានគ្រួសារ បែកទៅរស់នៅកន្លែងទីទៃ ដោយទុកអោយគាត់រស់នៅម្នាក់ឯង គ្មានទីពំនាក់ក្នុងកូនខ្ទមទ្រុឌទ្រោមដ៏តូចចង្អៀត។

ម្យ៉ាងទៀត ក្រៅពីប្រាក់ឧបត្ថម្ភរបស់រដ្ឋ ដែលផ្តល់តាមរយៈបណ្ណក្រ២ គាត់ដើរកោសខ្យល់បានកម្រៃក្នុង១ថ្ងៃ ត្រឹមតែ១,០០០ ទៅ ២,០០០រៀលប៉ុណ្ណោះ ហើយការរស់នៅ ពឹងផ្អែកតែលើអំពើសប្បុរសរបស់អ្នកជិតខាងប៉ុណ្ណោះ ។

លោក ទូច ឆៃ បានបន្តថា បន្ទាប់ពីបានដឹងអំពីស្ថានភាពលំបាករបស់ស្ត្រីកំសត់នោះ ប្រធានគណៈកម្មាធិការសាខា លោក អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះខ្ពស់ពីដី ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ១ខ្នង ដោយចំណាយលើការសាងសង់អស់ថវិកាជាង ៩លានរៀល ជូនគាត់សម្រាប់ស្នាក់នៅតរៀងទៅ។

បន្ទាប់ពីបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឱ្យបានទ្វេដង ក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ «៣ការពារ ៣កុំ និង ២ចូលរួម» និង ការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវកូវីដ-១៩ នេះ ក្នុងស្ថានភាពដែលវីរុសបម្លែងថ្មី កំពុងចរាចរ វាយលុកយ៉ាងសកម្ម បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅបណ្តាខេត្តមួយចំនួន ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនអ្នកស្រី ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន៖ អង្ករ ៧៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១កញ្ចប់, អាវយឺត ២, សម្ភារដំណេក, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល។ ដោយឡែកប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន១៣ គ្រួសារទៀត ទទួលបានអំណោយក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕