(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើអត្តសញ្ញាណបណ្ណថ្មី ជូនដល់អ្នកគ្រប់អាយុបោះឆ្នោត និងអត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ ដែលអស់សុពលភាព នៅតាមមូលដ្ឋាននីមួយៗ ឱ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សសង្កាត់ ឆ្នាំ២០២២ និងត្រូវពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ ឱ្យបានច្បាស់លាស់។

ការជំរុញបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំស្ដីពី «ការពិនិត្យលើសម្រង់ឈ្មោះអ្នកបោះឆ្នោតប្រើប្រាស់ ឯកសារអត្តសញ្ញាណបណ្ណ (អ.ខ) ប្រភេទ១ (អ.ខ) ប្រភេទ២ ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ របស់ប្រជាពលរដ្ឋ ក្រោយធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញ នៅសាលប្រជុំសាលាខេត្តកំពត។

លោកអភិបាលខេត្ត បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ។ បច្ចុប្បន្នបញ្ហាប្រឈម គឺជំនាញ និងអាជ្ញាធរទទួលបន្ទុករៀបចំឯកសារ ផ្ដល់អត្តសញ្ញាណប័ណ្ណថ្មី ដល់ប្រជាពលរដ្ឋ នៅពុំទាន់មានភាពរលូន និងឆាប់រហ័ស។

ម្យ៉ាងទៀត យោងតាមទិន្នន័យ របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានធ្វើបច្ចុប្បន្នភាពឆ្នាំ២០២០ ខេត្តកំពត មានប្រជាពលរដ្ឋដែលអាយុចាប់ពី១៨ឆ្នាំឡើងចំនួន ៤៧០,៤៧៨នាក់ ក្នុងនោះស្រីចំនួន ២៤៧,២៧៧នាក់។ ប៉ុន្តែពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ មានចំនួនត្រឹមតែ ៣៨១,៦៤២នាក់ និងមានការិយាល័យបោះឆ្នោតចំនួន១,០៤២កន្លែង។

ទន្ទឹមនេះ លោកតាភិបាលខេត្តក៏បានណែនាំឱ្យអាជ្ញាធរក្រុង ស្រុក ទាំងអស់នូវវិធានការចំនួន៤ចំណុចរួមមាន៖

ទី១៖ ត្រូវពិនិត្យឯកសារបញ្ជីរឈ្មោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណថ្មី ដែលផ្ដល់ដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឱ្យបានច្បាស់លាស់ ជាក់លាក់ ដើម្បីធ្វើជូនពួកគាត់។

ទី២៖ ក្នុងដំណើរការអនុវត្ត គឺគ្រប់អភិបាលក្រុង ស្រុក ត្រូវគិតគូរសិក្សាពីបញ្ហា និងមូលហេតុដែលប្រជាពលរដ្ឋអាក់ខានមិនព្រមចូលរួមអនុវត្តធ្វើអត្ដសញ្ញាណប័ណ្ណថ្មីនេះ។

ទី៣៖ ត្រូវជំរុញការផលិតអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ ឱ្យបានឆាប់និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់បានយល់ ដើម្បីទៅប្ដូរអត្តសញ្ញាណប័ណ្ណថ្មីនេះផងដែរ។

ទី៤៖ សូមឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំចូលរួមសហការគ្នា ជំរុញការអនុវត្តដោះស្រាយបញ្ហាអត្តសញ្ញាណប័ណ្ណឱ្យបាន ដើម្បីបន្តបូកសរុបដាក់ក្នុងកិច្ចប្រជុំខាងមុខនេះពិនិត្យ ពីវឌ្ឍនភាពនៃការអនុវត្តផ្ដល់អត្តសញ្ញាណប័ណ្ណថ្មី ជូនប្រជាពលរដ្ឋ៕