(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានទទួលការឧបត្ថម្ភជាថវិកា ជាង៨លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនពីលោក យឹម លាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ ក្នុងការបន្តឧបត្ថម្ភជូនដល់កម្លាំងប្រចាំការតាមបណ្ដាគោលដៅចត្តាឡីស័ក ប្រមាណ១៧០នាក់។

លោក ជា ពិសី ជួសមុខឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សូមគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះលោក យឹម លាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខលើកងកម្លាំងប្រចាំការតាមបណ្ដាគោលដៅចត្តាឡីស័កទាំងឡាយក្នុងខណ្ឌ។

សូមបញ្ជាក់ថា កម្លាំងរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដាគោលដៅចត្តាឡីស័ក នៃមូលដ្ឋានខណ្ឌឫស្សីកែវ ប្រមាណ ជា១៧០នាក់ និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តជាបន្តបន្ទាប់ ដែលសរុបថវិកាចំនួន ៨,៥០០,០០០រៀល (ប្រាំបីលានប្រាំសែនរៀល) សាំង៧៦០លីត្រ និងប្រេងកូឡា ១៥២ដប ពីអភិបាលខណ្ឌ ក្រោមការឧបត្ថម្ភរបស់លោក យឹម លាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ៕