(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយពង្រឹងស្រុកស្វាយចេក និងលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បាននាំយកអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីឧញ៉ា ហេម ចិត្តា មហាឧបាសិកា ពុទ្ឋសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋក្រីក្រីចំនួន ០៩គ្រួសារ នៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកកាត់បន្ថយក្នុងជីវភាពលំបាក។

អំណាយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមមាន៖ អង្ករ៤៥០គីឡូក្រាម, មី៩កេសតូច, ទឹកត្រី២៧យួរ, ទឹកសុីអុីវ១៨យួរ, ទឹកសុទ្ធ១៩យួរ ,តែអូអុីឈិស៩យួរ, ត្រីខ៩យួរ និងថវិកាចំនួន ៤៥០,០០០រៀល។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនូវសារផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ឧបនាយយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដោយនឹករលឹកណែនាំឱ្យប្រជាពលរដ្ឋគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» ព្រមទាំងត្រូវអនុវត្ត តាមវិធានការពារសុខាភិបាល ដើម្បីទប់ស្កាត់រាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ផងដែរ៕