(បាត់ដំបង)៖ នគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅចាត់ការតាមច្បាប់នៅសាលាដំបូងខេត្ត ក្រោយឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីកែច្នៃតម្លើង ជួសជុល កាន់កាប់ និងចែកចាយអាវុធកែច្នៃបាញ់គ្រាប់បាដាងខុសច្បាប់

ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៤ ភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងការិយាល័យជំនាញរួមនឹងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះប្រតិបត្តិការបង្ក្រាបករណីកែច្នៃ តម្លើង ជួសជុល កាន់កាប់ និងចែកចាយ (អាវុធកែច្នៃបាញ់គ្រាប់បាដាង) ០១ករណី និងបាននាំខ្លួនជនសង្ស័យចំនួន០៤នាក់ មកកាន់ស្នងការដ្ឋានដើម្បីសាកសួរ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនរួមមានទី១៖ ឈ្មោះ សាន រក្សា ហៅប្រុស អាយុ២៦ឆ្នាំ, ទី២៖ ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ៣០ឆ្នាំ, ទី៣៖ ឈ្មោះ ឈឿង សុភ័ក្ត្រ ភេទប្រុស អាយុ២៦ឆ្នាំ និងទី៤៖ ឈ្មោះ នៅ ណា ហៅជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ខាងលើ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖ កាំភ្លើងកែច្នៃបាញ់គ្រាប់បាដាង ចំនួន០៥ដើម, ដងឈើកែច្នៃធ្វើស្វ័យកាំភ្លើងចំនួន២ដើម, កាំបិតកែច្នៃ ចំនួន០១ដើម, ពូថៅចំនួន១, គ្រាប់បាដាងចំនួន២កំប៉ុង, ទូរស័ព្ទដៃម៉ាក Realme ពណ៌ខៀវ០១គ្រឿង, កាបូបស្ពាយពណ៌, កាហ្វេចំនួន០១, អាវប៉ារ៉ាដៃវៃងចំនួន០១ និងម៉ូតូចំនួន០៣គ្រឿង។

បន្ទាប់ពីបានឃាត់ខ្លួន និងសាកសួរចម្លើយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សាន រក្សា ហៅ ប្រុស បានឆ្លើយសារភាពថាខ្លួនបានកែច្នៃតម្លើងអាវុធកែច្នៃបាញ់គ្រាប់បាដាង បានចំនួន០៧ដើម កន្លងមកហើយ ព្រមទាំងបានលក់ទៅឱ្យអ្នកស្គាល់គ្នានៅភ្នំពេញ ចំនួន០៣ដើមផងដែរ។

លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាឱ្យការិយាល័យជំនាញកសាងសណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងមកសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕