(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណចំពោះលោក ហេង វាសនា និងភរិយា ម្ចាស់បន្ទប់ជួល៤៦បន្ទប់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ​ដោយស្មោះចំពោះលោក ព្រមទាំងភរិយា ដែលមានសមានចិត្តជួយសម្រាលបន្ទុកកម្មករ កម្មការិនី តាមរយៈការផ្ដល់បន្ទប់ស្នាក់​នៅដោយឥតគិតថ្លៃចំនួន ៤៦ បន្ទប់ សម្រាប់អំឡុងពេលដែលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើង​ដោយជំងឺកូវីដ១៩»

សូមជម្រាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ១៩យ៉ាងខ្លាំង ដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះក៏ទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។

រហូតដល់ពេលនេះ មានម្ចាស់បន្ទប់ជួលចំនួន៤នាក់ហើយ ដែលបានប្រកាសយកមិនថ្លៃឈ្នួលពីកម្មករ-កម្មការិនី ក្នុងនោះរួមមាន៖

* ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន ៤៦ បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
* ទី២៖ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួលចំនួន ៦៩ បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល
* ទី៣៖ លោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០ បន្ទប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
* ទី៤៖ លោក មីន រស្មី ម្ចាស់បន្ទប់ជួល ៥៣ បន្ទប់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕