(បន្ទាយមានជ័យ)៖ ស្រ្តីពលករខ្មែរម្នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ បានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ សាលាសុខាភិបាលនៃសាកលវិទ្យាល័យ មានជ័យ ក្រុងសិរីសោភ័ណ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកក្រុងសិរីសិរីសោភ័ណ បានដោយជោគជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ២០២១នេះ។

លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិសិរីសោភ័ណ បានឲ្យដឹងថា កាលពេលថ្មីៗ មានស្ត្រីជាពលករខ្មែរម្នាក់ត្រឡប់មកពីប្រទេសថៃ មានទម្ងន់គ្រប់ខែដែលកំពុងជាប់ចត្តាឡីស័ក ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនយកមកសំរាលកូននៅក្នុងសម្ភពនៃមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដោយយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យពិសេស ពេទ្យឆ្មប បានធ្វើសកម្មភាពសង្គ្រោះស្ត្រីសម្រាលកូនភ្លាមៗបានដោយជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយទាំងកូន។

លោកវេជ្ជបណ្ឌិត បញ្ជាក់ឲ្យដឹងបន្តទៀតថា ស្ត្រីវ័យក្មេងជាម្តាយដែលសម្រាលកូន លើកដំបូងនោះមានឈ្មោះ ម៉ៅ ស្រីប៉ុច អាយុ ១៨ឆ្នាំ ទីលំនៅភូមិកងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ត្រីនេះជាពលករទើបវិលត្រឡប់ពីប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមីនា ហើយទទួលការត្រួតពិនិត្យ ផ្តល់សំណាក រកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ សាលាសុខាភិបាលនៃសាកលវិទ្យាល័យមានជ័យ ក្រុងសិរីសោភ័ណ ហើយបានបញ្ជូន មកសម្រាលកូននៅមន្ទីរពេទ្យបង្អែកក្រុងសិរីសិរីសោភ័ណ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយសារស្ត្រីនេះមានស្ថានភាព និងសមាសភាពដូចខាងលើ ទើបគ្រូពេទ្យតត្រូវដាក់នាងឲ្យនៅបន្ទប់ដាច់ឡែកនៃកូវីដ១៩ហើយ ពេទ្យផ្តល់សេសេវាមានពាក់ឯកសណ្ឋាន និងលក្ខណៈសម្បត្តិពិសេសផងដែរ។

សូមបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ដែលត្រូវធ្វើចត្តាឡីស័ក បង្ការជំងឺកូវីដ១៩ នៅមណ្ឌលនានាក្នុងខេត្តបន្ទាយមានជ័យ មានស្ត្រី សម្រាលកូនជិត ១០នាក់ហើយ សម្រាលកូនសុទ្ធតែបានជោគជ័យទាំងអស់៕