(កណ្តាល)៖ អាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាត្តឱ្យប្រជាពលរដ្ឋ ៧០នាក់បន្ថែមទៀត ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» និងបានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ត្រឡប់ទៅផ្ទះវិញ ក្រោយយកសំណាកធ្វើតេស្តមិនមានជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន អង្គស្នួល។

ក្នុងឱកាសជូនដំណើរលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានសម្ដែងនូវការអបអរសាទរ ដែលប្រជាពលរដ្ឋទាំង៧០នាក់ មិនមានអ្នកណាម្នាក់វិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានការអត់ធ្មត់ និងចូលរួមជាមួយអាជ្ញាធរបានយ៉ាងល្អក្នុងការធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកអង្គស្នួល បានផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំង៧០នាក់ ជាពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន «៣ការពារ និង ៣កុំ»

លោក ខុន សេរីរដ្ឋា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅពេលត្រឡប់ទៅលំនៅឋានវិញ សូមបន្តផ្សព្វផ្សាយវិធានការណ៍ទាំងនេះ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនសំដៅរួមគ្នាបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ផងដែរ។

ក្នុងនោះដែរ លោកអភិបាលស្រុកបានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង៧០នាក់ ក្នុង១នាក់ ទទួលបាន៖ អង្ករ២៥គីឡូក្រា មី១កេសតូច ម៉ាសក្រណាត់៥ម៉ាស អាល់កុល១ដបតូច និងថវិកា ៥ម៉ឺនរៀល ជាថវិការបស់រដ្ឋបាលខេត្តកណ្ដាល៕